គំនិតខ្ញុំ · ចំណេះដឹង · Uncategorized

ឥទ្ធិពលនៃរបៀបនិយាយ

ការនិយាយគឺជារបៀបមួយក្នុងរបៀបជាច្រើនដែលមនុស្សទូទាំងសកលលោកប្រើប្រាស់សំរាប់ទាក់ទងគ្នាទៅវិញទៅមក។ ការនិយាយក៏ជាសកម្មភាពមួយផ្នែក ដែលអាចធ្វើអោយការងារមួយជោគជ័យឬបរាជ័យផងដែរ។ អ្នក “ចេះនិយាយ” តែងតែទទួលបានការស្រលាញ់ចូលចិត្តពីអ្នកនៅជុំវិញខ្លួន។ ពេលខ្លះសូម្បីតែ ស្ដីបន្ទោស ឬវាយតំលៃអវិជ្ជមានអ្នកណាម្នាក់ ក៏ម្នាក់នោះស្ម័គ្រចិត្ត និងរីករាយនឹងស្ដាប់ដោយយកចិត្តទុកដាក់ទៀតផង។ មនុស្សទូទៅមិនចូលចិត្តអ្នក “មិនចេះនិយាយ” ទេ។ នៅពេលអ្នកទាំងនោះនិយាយម្ដងៗ គ្មានអ្នកណាចូលចិត្តស្ដាប់ ឬយកចិត្តទុកដាក់ឡើយ។ វាថែមទាំងអាចធ្វើអោយ អ្នកស្ដាប់កើតអារម្មណ៍ធុញថប់ ស្អប់ខឹងទៀតផង។ គ្រាន់តែនិយាយថា “សួស្ដី ជំរាបសួរ” អ្នកស្ដាប់លែងមានអារម្មណ៍ស្ដាប់បាត់ទៅហើយ។ ការនិយាយគឺជាជំនាញមួយដែលមនុស្សគ្រប់រូបគួរតែក្ដាប់អោយជាប់។ ការប្រាស្រ័យទាក់ទង ការសិក្សា ការងារ សុទ្ធតែត្រូវការការនិយាយមួយដែលទទួលបានការចូលចិត្តពីអ្នកដទៃ មានប្រសិទ្ធភាព និងមានបែបបទត្រឹមត្រូវ។ ការនិយាយមានរបៀបរបបច្បាស់លាស់ នឹងធ្វើអោយជីវិតយើងជោគជ័យ។