បទពិសោធន៍ខ្លីៗ · អនុស្សាវរីយ៍ · អំពីពិសិដ្ឋ

ខ្ញុំ និងកុំព្យូទ័រ


បើតាមការរាប់ដៃ រាប់ជើងទៅ ខ្ញុំបានស្គាល់កុំព្យូទ័រជាងមួយទសវត្សហើយ គិតចាប់ពីខ្ញុំបានឃើញ និងប្រើកុំព្យូទ័រដំបូងកាលពីខ្ញុំនៅរៀនថ្នាក់ទី២។ កាលពីពេលនោះ ឪពុកម្ដាយរបស់ខ្ញុំបានបញ្ជូនខ្ញុំទៅរៀនភាសាអង់គ្លេស និងកុំព្យូទ័រនៅសាលាឯកជនមួយ ជាមួយបងស្រីជីដូនមួយរបស់ខ្ញុំ។ នៅពេលចូលរៀនកុំព្យូទ័រដំបូង បើតាមខ្ញុំចាំបានគឺគេប្រើ Microsoft Windows 98។ ពេលចូលរៀននោះ ខ្ញុំពុំបានដឹងអោយប្រាកដថា តើកុំព្យូទ័រជាអ្វី ប្រើសំរាប់ធ្វើអ្វី និងកើតចេញពីប្រភពណានោះទេ។ ដល់បន្ទប់កុំព្យូទ័រគ្រូអោយខ្ញុំរៀនវាយអក្សរដំបូងដោយប្រើកម្មវិធី TOUCH ។ ខ្ញុំពុំបានដឹងថា តើគេរៀនវាដើម្បីអ្វីនោះទេ ពោលខ្ញុំធ្វើអ្វីតាមតែគ្រូប្រាប់តែប៉ុណ្ណោះ។ ជួនកាលខ្ញុំអត់ដាក់ម្រាមដៃតាមគ្រូទៀតផង ដោយសារតែធុញទ្រាន់នឹងការវាយអក្សរខុស។ ខ្ញុំក្រឡេកឃើញកម្មវិធីនោះអោយវាយអក្សរអ្វី ខ្ញុំសម្លឹងមើល Keyboard ហើយវាយតែម្ដង។ គិតទៅគួរអោយអស់សំណើចមែន។ ដោយសារតែមួយថ្ងៃៗ គ្រូចេះតែបង្រៀនមេរៀនដដែលៗ ជាមួយការវាយអក្សរ ខ្ញុំធុញទ្រាន់ជាខ្លាំង។ខ្ញុំបានក្រលេកទៅមើលជុំវិញ ឃើញសិស្សផ្សេងទៀត កំពុងប្រើប្រាស់កម្មវិធី Microsoft Office Word ដែលខ្ញុំមិនចាំថា គេប្រើជំនាន់អ្វីនោះទេកាលនោះ ។ ឃើញដូចនេះ ខ្ញុំក៏ព្យាយាមរកកន្លែងសម្រាប់ចាកចេញពីកម្មវិធី TOUCH។ កាលនោះខ្ញុំចំណាយពេលយ៉ាងយូរ។ ទីបំផុតខ្ញុំអាចចាកចេញពីកម្មវិធី TOUCH បានដោយសារឃើញសិស្សនៅក្បែរនោះចាកចេញពីកម្មវិធី TOUCH ដែរ។ ខ្ញុំក៏បានចូលទៅប្រើកម្មវិធី Word ហ្នឹងគេទាំងងងឹតងងុល។ ដោយមើលគេ មើលឯងលិចកើត ខ្ញុំក៏ចេះប្រើតិចៗ ហើយអ្វីដែលខ្ញុំចាំជាងគេគឺ Insert WordArt។ រៀននៅទីនោះបានរយៈពេលប៉ុន្មានខែ ការសិក្សាកុំព្យូទ័របានផ្អាក រហូតដល់ខ្ញុំរៀនថ្នាក់ទី៩ គឺជាពេលដែលខ្ញុំមានកុំព្យូទ័រផ្ទាល់ខ្លួន។

អ្វីដែលខ្ញុំបានរៀននៅថ្នាក់ទី២ ស្ទើរតែរលាយបាត់អស់រលីងពីខួរក្បាលរបស់ខ្ញុំ។ ប៉ុន្តែដូចខ្ញុំប្រាប់ខាងលើ អ្វីដែលខ្ញុំចាំជាងគេគឺ Insert WordArt ។ទោះបីនៅពេលនោះខ្ញុំមានកុំព្យូទ័រ ផ្ទាល់ខ្លួនក៏ដោយ ខ្ញុំនៅតែពុំអាចប្រើវាយ៉ាងរលូនផងដែរ។ ដោយសារតែមានការជំរុញ និងជួយបង្រៀនពីមិត្តភក្តិរបស់ខ្ញុំម្នាក់ ខ្ញុំបានចេះប្រើកុំព្យូទ័រជាច្រើន។ ក្នុងរយៈពេលតែពីរអាទិត្យ ខ្ញុំអាចរៀនវាយអក្សរបានលឿនគួរសម។មកដល់ពេលនេះគឺជារឿងអស់សំណើចហើយ។ នៅពេលមួយនោះ ខ្ញុំបានចូលទៅក្នុង Drive C: របស់ System។ ខ្ញុំបានមើលឯកសារជាច្រើនដែលខ្ញុំមិនស្គាល់ថាវាជាអ្វី។ ខ្ញុំគិតថាវាគឺជាឯកសារអត់ប្រយោជន៍ ខ្ញុំក៏បានលុបវាចោល។នៅពេលបើកកុំព្យូទ័រលើកក្រោយ ក៏បើកលែងចេញតែម្ដង។ ខ្ញុំក៏ពឹងអោយមិត្តខ្ញុំមកជួយ ហើយគេក៏បានតម្លើង Windows XP អោយខ្ញុំសាជាថ្មី។ ក្រោយមកទៀត ខ្ញុំក៏បានស្គាល់អ្វីទៅជា Internet ប៉ុន្តែពុំបានគ្រប់ជ្រុងទេ។ បន្ទាប់មកខ្ញុំក៏មាន Email ផ្ទាល់ខ្លួនដំបូងក្នុងឆ្នាំ ២០០៧។ពេលនេះ ខ្ញុំអាចប្រើប្រាស់ Windows XP និង Word បានដោយខ្លួនឯង។ បន្ទាប់មកទៀត លោកពូរបស់ខ្ញុំបានណែនាំខ្ញុំអោយស្គាល់កម្មវិធី Excel។ រយៈពេលពីរ បីខែក្រោយមក ខ្ញុំក៏អាចប្រើប្រាស់កម្មវិធី Excel បានមួយផ្នែកទៀត។ ប៉ុន្តែទន្ទឹមនឹងការរីកចម្រើននេះ ខ្ញុំក៏បានស្គាល់រសជាតិមេរោគកុំព្យូទ័រជាដំបូង។ វាឆ្លងពី Flash ដែលបានយកទៅហាង Internet មួយកន្លែង។ ពេលវាឆ្លងចូលកុំព្យូទ័រ ខ្ញុំពុំបានដឹងនោះទេ។ ក្រោយមក វាបានវាយលុកពីក្នុងប្រព័ន្ធកុំព្យូទ័រ និងធ្វើអោយខូចឯកសារ EXE អស់មួយចំនួនធំ ខ្ញុំក៏មានការសង្ស័យ។ កាលនោះខ្ញុំបានអានទស្សនាវដ្ដីអំពីកុំព្យូទ័រ និងសាកសួរមិត្តភក្តិខ្ញុំបន្ថែម ក្រោយមកក៏ដឹងថាវាជាមេរោគ។ ខ្ញុំ ក៏បានកំចាត់វាដោយជោគជ័យ ដោយធ្វើតាមអ្វីដែលគេប្រាប់ក្នុងទស្សនាវដ្ដី។ខ្ញុំបានចូលខ្លួនជាដំបូងមកក្នុងពិភព WordPress នៅក្នុងឆ្នាំ ២០០៨។ រហូតមកដល់ថ្នាក់ទី១១ ខ្ញុំអាចប្រើប្រាស់កុំព្យូទ័របានយ៉ាងស្ទាត់ជំនាញ និងចេះធ្វើអ្វីៗបានដោយខ្លួនឯង។

មកដល់ពេលនេះ ទោះជាខ្ញុំអាចធ្វើអ្វីៗបានយ៉ាងច្រើនក្នុងកុំព្យូទ័រក៏ដោយ ក៏នៅតែចាត់ទុកថា គ្រាន់ជាផ្នែកតូចមួយនៃបច្ចេកវិទ្យានេះប៉ុណ្ណោះ។ តាមរយៈការសិក្សាស្រាវជ្រាវរបស់ខ្ញុំធ្វើអោយខ្ញុំដឹងថា នៅមានរឿងជាច្រើនដែលខ្ញុំមិនបានដឹង និងពុំទាន់អាចធ្វើបាន នៅក្នុងម៉ាស៊ីនមួយនេះ។ ខ្ញុំសង្ឃឹមថាអ្វីដែលខ្ញុំបានសិក្សាស្រាវជ្រាវនោះ ខ្ញុំនឹងអាចធ្វើវាបានក្នុងរយៈពេលណាមួយ ក្នុងជីវិតរបស់ខ្ញុំ៕

13 thoughts on “ខ្ញុំ និងកុំព្យូទ័រ

  1. ខ្ញុំចង់តែសើចឲ្យណាណីទេនៀក ខ្ញុំស្គាល់កុំព្យូទ័រតាំងពីឆ្នាំ១៩៩៧ មកម៉្លេះ តែពេលដែលខ្ញុំទិញប្រើវាដាក់នៅផ្ទះ គឺឆ្នាំ២០០២ ពេលហ្នឹងសឹងអត់មានលុយទិញផង តំលៃមួយៗហ្នឹង មហាថ្លៃហើយ។

  2. ខ្ញុំវិញស្គាល់តាំងតែ១៩៩៣ពេលអ៊ុនតាក់ចូលស្រុក.
    តែមិនបានប្រើទេមិនបានរៀនទេគ្រាន់តែស្គាល់ថាអាណឹងគេហៅ
    ថាកុំព្យូទ័រ.

  3. វាជារឿងអស្ចារ្យណាស់សំរាប់រូបខ្ញុំ!

    រូបខ្ញុំបានស្គាល់កុំព្យូទ័រតាំងពីថ្នាក់ទី ៣ ប្រហែលជាឆ្នាំ ១៩៩០ (ប្រភេទ Commodore C64 – របស់ប្រទេសអាំល្លឺម៉ង់ (CPU 100hz, RAM 64K, Diskette 1/4)

    តែកាលណោះខ្ញុំគ្រាន់តែប្រើវាសំរាប់លេង ហេ្គមកុំព្យទ័រតែប៉ុណ្ណុះ🙂 ក្រាហ្វិចជំនាន់នោះ ជ្រុងៗ អត់ស្អាតដូចឥឡូវនេះទេ​😦

    មកដល់ពេលខ្ញុំចូលរៀនមហាវិទ្យាល័យ វាពិតជារឿងកាន់តែអស្ចារ្យ ព្រោះវាធ្វើអោយ ខ្ញុំបានស្វែងយល់នូវ មុខវិជ្ជាថ្មីនេះបានកាន់ច្រើន ប៉ុន្តែគួរអោយស្តាយព្រោះពុំទាន់មាន នូវជំនាញដែលខ្ញុំចង់សិក្សាតាំងពីកុមារមក🙂

    អ្នកទាំងអស់គ្នាប្រហែលជាអាចដឹងថារូបខ្ញុំចង់សិក្សាជំនាញអ្វី?​😀

    ប៉ុណ្ណឹងសិនហើយដូចជាវែងណាស់ ពេលក្រោយចាំសរសេរតទៀត!🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s