គំនិតខ្ញុំ · ចំណេះដឹង · បទពិសោធន៍ខ្លីៗ

ហេតុអ្វីបានជាប្រជាជនខ្មែរ មិនចូលចិត្តអានសៀវភៅ?


សៀវភៅ ត្រូវបានគេចាត់ទុកជាប្រភពចំណេះដឹង ដ៏មានប្រយោជន៍មួយ ដែលគ្រប់គ្នាចូលចិត្តអានជារៀងរាល់ថ្ងៃ។ សៀវភៅ គឺ ជាឃ្លាំងមួយ ដែលប្រមូលផ្ដុំទៅដោយកម្មវិធីអប់រំ ព្រមទាំងឯកសារគ្រប់ប្រភេទ គ្រប់ជំនាន់ និងគ្រប់សម័យ។ ហេតុនេះ ទើបអ្នកសិក្សា អ្នកបង្រៀន អ្នកអាន បានចាត់ទុកសៀវភៅ ដូចជាពន្លឺមួយ សំរាប់បំភ្លឺពួកគេ ទៅរកអក្ខរភាព និង ឧត្ដមភាព។
មិន​ថា នៅប្រទេសអភិវឌ្ឍ ឬ ប្រទេស​កំពុង​អភិវឌ្ឍ សៀវភៅ ជា​មុខ​ព្រួញ​សំខាន់​មួយ សំរាប់​អ្នកសិក្សា ស្រាវជ្រាវ​គ្រប់ៗគ្នា។ នៅប្រទេសអភិវឌ្ឍ សៀវភៅ ត្រូវបានគេ យកចិត្តទុកដាក់យ៉ាងខ្លាំង ប៉ុន្តែ នៅតាមប្រទេសកំពុងអភិវឌ្ឍខ្លះ សៀវភៅ ពុំត្រូវបាន គេយកចិត្ត ទុក​ដាក់​ឡើយ។ ជាក់ស្ដែង នៅក្នុងប្រទេសកម្ពុជា យើងបច្ចុប្បន្ន កំរិតអ្នកដែលចូលចិត្តអាន  នៅទាប នៅ ឡើយ។ ក្នុងចំណោមមនុស្ស​១០០នាក់ អ្នក​ដែល​ចូលចិត្ត​អាន​សៀវភៅ  មានមិនដល់១០នាក់ផង។ ប្រជាជន​កម្ពុជា បានចាត់ទុកសៀវភៅ ដូចជារបស់សមញ្ញមួយដែរ ដែលពួកគេពុំបានគិតដល់ពីផលប្រយោជន៍របស់វា។
ការពិតទៅ មូលហេតុដែលធ្វើឲ្យប្រជាជនខ្មែរគិតដូច្នេះ មានច្រើនកត្តាណាស់។ បើនិយាយនៅតាមទីជនបទដាច់ស្រយាល សៀវភៅ ស្ទើរតែគ្មានអ្នកទិញ អ្នកលក់ និងអ្នកអានទៅហើយ។ ប្រជាជនភាគច្រើន មានជីវភាពក្រីក្រ ពួកគាត់ ត្រូវធ្វើការប្រកបរបររកស៊ី ដើម្បីចិញ្ចឹមគ្រួសារ។ ហេតុនេះ ទើបពួកគាត់ថា ការអានសៀវភៅ ធ្វើឲ្យគាត់ខាតពេលវេលា ខាតលុយកាក់ក្នុងគ្រួសារ។ មិនត្រឹមតែប៉ុណ្ណោះ អនក្ខរភាពក៏ជាមូលហេតុចំបងដែរ។ ប្រជាជនតាមជនបទ ភាគច្រើនរៀនពុំបានចប់ចុង ចប់ដើមទេ ហើយដោយសារតែប្រទេសយើង ទើបតែងើបពីសង្គ្រាមជាងពីរទសវត្ស ទើបធ្វើឲ្យចំនួនអនក្ខរជន ស្ថិតក្នុងកំរិត ខ្ពស់នៅឡើយ។ បើនិយាយចំពោះ យុវជន សិស្សានុសិស្សវិញ ក៏មិនខុសពី ប្រជាជន​ ទូទៅដែរ។ នៅសាលាពួកគេពុំត្រូវបានទទួលការណែនាំ ឲ្យ​បាន​ជ្រាល​ជ្រៅ អំពីការអានសៀវភៅឡើយ។ ពេលក្រៅពីរៀន ពួក​គេគ្មានពេល​ទំនេរ​ទេ ព្រោះពួកគេត្រូវជួយឪពុកម្ដាយ ក្នុងការ​ប្រកប​របរ​កសិកម្ម ឬ របររកស៊ីផ្សេងៗ។ សរុបមក តំលៃរបស់សៀវភៅ ត្រូវបានគេលុបបំបាត់ ស្ទើរទាំងស្រុង​នៅតាមទី​ជនបទ​។
ងាក​មករកទីក្រុងវិញ ទោះបីជានៅទីក្រុង មានបង្កើតជាបណ្ណាល័យផ្សេងៗ ឬ​បណ្ណាគារ និងកន្លែងលក់សៀវភៅ ក៏ដោយ ក៏នៅមានប្រជាជនខ្លះ ពុំបាន​គិត​ដល់ បញ្ហាអានសៀវភៅដែរ។ ប្រជាជននៅក្នុងទីក្រុងខ្លះ ក៏មិនខុសពី ប្រជាជន​នៅតាមជនបទដែរ គឺត្រូវចេញទៅធ្វើការរកស៊ីចិញ្ចឹមជីវិត ដោយគ្មានពេលសំរាក ដោយសារ​តែជីវភាពអន់ថយ នាំឲ្យ គាត់មិនអាច នឹងមានពេលមក អាន​សៀវភៅ​បាន ហើយគិតថា ការអានសៀវភៅធ្វើឲ្យគាត់ខាតបង់ច្រើនណាស់។ ចំពោះ​សិស្សានុសិស្ស​វិញ គឺនៅតែមានសិស្សមួយចំនួនធំ មិនរវីរវល់​នឹងការអាន​សៀវភៅ​​នេះ ទាល់តែសោះ។ ដោយសារតែការធូររលុងលើផ្នែកអប់រំ និង ការ​ភ្លើតភ្លើន​របស់យុវជនយើង នៅក្នុងទីក្រុង ធ្វើឲ្យពួកគេគិតថា ការអានសៀវភៅ ជាសកម្មភាពមួយគួរឲ្យធន់ទ្រាន់ និងគ្មានប្រយោជន៍អ្វីសោះសំរាប់ពួកគេ។ អ្នកដែលចូលចិត្តអានសៀវភៅ​នៅ​ទីក្រុង​ភាគច្រើន ជាអ្នក​មានជីវភាព​ធូរធារ មានការ​ធ្វើធំដុំ ដែលអាច​ធ្វើឲ្យ​ពួកគេ​មាន​លទ្ធភាព​រកទិញសៀវភៅ និងមាន​ពេល​គ្រប់​គ្រាន់ សំរាប់អានវា។
និយាយ​រួមមក មានប្រជាជនកម្ពុជាយើង ច្រើនណាស់ ដែលពុំទាន់បានយល់ពីសារ​ប្រយោជន៍​នៃការអានសៀវភៅ។ មូលហេតុ​ចំបងនោះ គឺ បណ្ដាលមកពីប្រទេសយើង ជាប្រទេសកំពុងអភិវឌ្ឍ ប្រជាជនក្រីក្រ និង​អនក្ខរជន នៅមានចំនួនច្រើននៅឡើយ។ នៅថ្ងៃអនាគត សង្ឃឹមថា ប្រជាជនកម្ពុជា នឹងយល់ជ្រាបច្បាស់ពី ការអានសៀវភៅ ហើយ​និង ធ្វើឲ្យការអានសៀវភៅ ក្លាយ​ទៅ​ជា​ទំលាប់មួយរបស់ពួកគាត់ ដូចពាក្យឃ្លា ដែលនិយាយថា « ឃ្លានអានសៀវភៅ ដូចឃ្លានញ៉ាំបាយ » ។ ហើយប្រសិន បើយើងអនុវត្តបានដូច្នេះគ្រប់ៗគ្នាហើយ ប្រទេសយើង នឹងសំបូរទៅដោយ អ្នកមានចំណេះដឹង បញ្ញវន្ត ដែលអាចក្លាយជាសសរគ្រឹះ សំរាប់អភិវឌ្ឍ ប្រទេស​ទៅថ្ងៃមុខតទៅទៀត៕

==========

ប្រកាសផ្សេងទៀត៖

3 thoughts on “ហេតុអ្វីបានជាប្រជាជនខ្មែរ មិនចូលចិត្តអានសៀវភៅ?

  1. ការ​អាន​សៀវភៅ​មិន​ត្រូវ​មាន​ការ​បង្ខំ​ទេ។ ទោះ​បី​ជា​បង្ខំ​ក៏​គ្មាន​បាន​ផល​ល្អ​ដែរ យល់​ល្អ​គួរ​តែ​បណ្ដុះ​គំនិត​ស្រឡាញ់​ការ​អាន​សៀវភៅ​ជា​ការ​ល្អ​ជាង។ សូម​អាន​បន្ថែម៖ http://www.wikihow.com/Develop-Your-Reading-Habit សម្រាប់​យក​ការ​អាន​សៀវភៅ​ជា​ទម្លាប់រ​បស់​អ្នក។

  2. ពិសិដ្ឋនិយាយ​ត្រូវ សំរាប់ការអាន​សៀវ​ភៅគឺ​នៅ​មាន​កំរិត​នៅ​ឡើយ​ ក្នុង​ស្រុក​ក្នុង​ស្រុក​ខ្មែរ​យើង ថា​នៅ​ជនបទ វាខ្វះ​ខាត់មធ្យោបាយស្វែង​រក​​សៀវភៅ​សំរាប់ ​អាន ចំអ្នក​ទីក្រុង មាន​លទ្វភាព​តែពួកគាត់​មិន​សូវ​មាន​ពេល។ តែចំពោះ​កា​រអាន​ទស្សនាវដ្តី​ ឃើញ​ថា​មាន​ការ​ពេញ​និយម​ច្រើន ក៏ប៉ុន្តែខ្លឹម​សារ​របស់​ទស្សនាវដ្តី​ទាំង​នោះ​មិន​ទាន់គ្រប់គ្រាន់ទេ។

  3. អានសៀវភៅគឺជាល្អបំផុត។បើអានសៀវភៅដោយគេបង្ខំគឺគ្មានទទួលបានអី្វទាំងអស់។តាមយោប​ល់ខ្ងុំគឺដោយសារស្រុកជាប្រទេសក្រីក្រទើបអញ្ជឹង ហើយដោយសារប្រជាជានភាគច្រើនគិតថាបើមានលុយទិញនំញុំអាហារញុំល្អជាង ហើយគិតទិញសៀវភៅបានស៊ីរឺ នេះជាគំនិតរបស់ប្រជាជនអ្នកស្រុកស្រែ ចំការមិនថាក្មេងចាស់ប្រុសស្រីឡើយសុទ្ធតែមិនទាន់យល់ពីតំលៃនៃការអាន មិនដូចស្រុកគេទេ នៅលើយន្តហោះណាសូម្បីតែកេ្មងតូចកពួកគេមានសៀវភៅ សំរាប់កុមារមួយទុកអានដែរ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s