ពិសិដ្ឋ

ស្នេហាធ្វើឲ្យខ្ញុំឆ្កួត


តាំង​ពី​ខ្ញុំ​ដឹង​ក្ដីមក ខ្ញុំ​មិន​ដែល​គិត​ថា ខ្ញុំ​ឈឺ​ចាប់​ដូច​ពេល​នេះទេ​។ ពេល​ខ្ញុំ​ចូល​រៀន​រហូត​មក ខ្ញុំ​គិត​តែ​ពី​ខំ​រៀន​ រហូត មិន​ដែល​គិត​អ្វី​ផ្ដេស​ផ្ដាស​ទេ​។ បន្ទាប់​ពី​ប្រលង​សញ្ញា​មធ្យម​សិក្សា​រួច​មក​ គឺ​មាន​រឿង​មួយ​កើត​ឡើង ដូច​ក្នុង​រឿង​ទុំ​ទាវ​អញ្ចឹង​។ លោក​គ្រូ​ខ្ញុំ​បាន​ឲ្យ​ទំនាយ​មួយ​ ដល់​សិស្ស​គ្រប់​គ្នាថា ពេល​ឡើង​ថ្នាក់​ទី ១០ សិស្ស​ទាំង​អស់​គ្នា​ប្រាកដ​ជា​ឆ្កួត​មិន​ខាន ។ ទំនាយ​មួយ​នេះ​ពិត​ជា​ត្រឹម​ត្រូវ​មែន។ ខ្ញុំ​សង្កេត​ឃើញ​មិត្ត​ភក្តិ​ខ្ញុំ​មួយ​ចំនួន​ធំ មាន​អាការៈ​ប្រែ​ប្រួល​ស្ទើរ​តែ​ទាំង​ស្រុង​។ ធ្លាប់​តែ​ខំរៀន ធ្លាប់​តែ​សុភាព​រាបសា អ្នក​ខ្លះ ក៏​ចេះ​ដើរ​លេង​ អ្នក​ខ្លះ ក៏​ចេះ​មាន​ស្នេហា​ទាំង​នៅ​ក្មេង​ខ្ចី​។

ចំពោះ​ខ្ញុំ​វិញ​ ខ្ញុំ​យល់​ថា ខ្ញុំ​ឥលូវ​ដូច​ជា​មនុស្ស​ឆ្កួត​អញ្ចឹង​។ រឿង​នេះ​ខ្ញុំ​មិន​ហ៊ាន​ និយាយ​ប្រាប់​អ្នក​ណា​ទេ​ តែ​ឥលូវ​បើ​ខ្ញុំ​មិន​និយាយ ខ្ញុំ​ប្រាកដ​គេង​មិន​លក់ បក់​មិន​ល្ហើយ​ទេ​។ មែន​ហើយ! ពាក្យ​ដែល​គេ​ថា មាន​ស្នេហា​នៅ​វ័យ​សិក្សា​ពិត​ជា​មិន​ល្អ​ទេ ពាក្យ​នេះ​ពិត​ជា​ត្រឹម​ត្រូវ​ណាស់​។

កាល​ពី​មុន​ខ្ញុំ​ធ្លាប់​មាន​ស្នេហា​ជាមួយ​នារី​ម្នាក់​ ដែល​ជា​មិត្ត​ជិត​ស្និទ្ធ​នឹង​ខ្ញុំ​។ តែ​ឥលូវ​ នាង​បែរ​ជា​មាន​អ្នក​ថ្មី​។ អង្គ​ហេតុ​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចិត្ត​ម្ដង​រួច​ទៅ​ហើយ​។ ឥលូវ​នេះ​ទៀត​ ខ្ញុំ​ក៏​បាន​ចាប់​ចិត្ត​លើ​នារី​ម្នាក់​ទៀត​ តែ​នាង​មិន​ដែល​មើល​ឃើញ​ខ្ញុំ​តែ​ម្ដង​។ និយាយ​ឲ្យ​ចំ​ទៅ ស្រឡាញ់​គេ​តែ​ម្នាក់​ឯង​។ នាង​មិន​ដែល​និយាយ​ថា​ស្រលាញ់​ខ្ញុំ​មែន តែ​កាយវិការ​នាង​ហាក់​ដូច​ជា​ប្រាប់​ខ្ញុំ​នាង​ស្រលាញ់​ខ្ញុំ។ ការ​ពិត​ទៅ នាង​មាន​សង្សារ​រួច​ទៅហើយ​។ រាល់​ពេល​ដែល​សង្សារ​នាង​មក​រក​នាង ខ្ញុំ​មាន​អារម្មណ៍​ថា​ប្រច័ណ្ឌ​យ៉ាង​ខ្លាំង។

កន្លង​មក ខ្ញុំ​តែង​តែ​ព្យាយាម​បំភ្លេច​នាង​ចោល​ តែ​នាង​នៅ​តែ​ធ្វើ​ឲ្យ​ខ្ញុំ​បំភ្លេច​នាង​មិន​បាន​។ តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ណា​ទៅ? នៅ​ទ្រាំ​ឈឺ​ចិត្ត​អញ្ចឹង​ឬ?

Advertisements

20 thoughts on “ស្នេហាធ្វើឲ្យខ្ញុំឆ្កួត

  1. កើតមកជាមនុស្ស គ្មាននរណាដែលហាមឃាត់មិនឲ្យមាន​សេ្នហាបាននោះទេ ទាល់តែអ្នកនោះគ្មានចិត្តបានអាចឃាត់បាន។ សេ្នហាកើតឡើងលើមនុស្សគ្រប់​រូប មិនគិតថាចាស់ ក្មេង ខ្មៅស នោះទេ។ សំរាប់រឿងរបស់ពិសិដ្ឋ ខ្ញុំគិតថាបើ​នាងមានសង្សាររួចទៅហើយ ពិសិដ្ឋមិនគួរ​ខំប្រឹងនឹកនាង ប្រចណ្ឌ័នាងទៀតទេ គួរតែខំគេច ឃា្លតឆ្ងាយពីនាង កាន់តែឆ្ងាយ កាន់តែល្អ។ ការធ្វើអញ្ចឹងខ្ញុំគិតថា​វា​ប្រាកដជាពិបាក​ តែបើពិសិដ្ឋសំលឹងមើលអនាគតដ៏វែងឆ្ងាយទៅមុខរបស់ខ្លួន, ​សេចក្តីប៉ងប្រាថ្នា​របស់គ្រួសារពិសិដ្ឋទាំងមូល អ្វីដែលខ្ញុំបានបរិយាយខាងលើ​នោះនឹងអាចដោះស្រាយបានយ៉ាងងាយស្រួលជាទីបំផុត។ នារីក្នុងលោកមាន​ច្រើនលើសលប់ ប្រហែលនារីដែលពិសិដ្ឋបានបរិយាយខាងលើ​មិនមែនជាគូរបានជានាង​មានសង្សាររួចទៅហើយ។ ខំប្រឹងសិក្សាដើម្បីអនាគត​ដ៏ត្រចះត្រចង់ ខ្ញុំជឿថា​គូរព្រេងរបស់ពិសិដ្ឋនឹងផុសឡើងក្នុងថ្ងៃណាមួយជាក់​ជាពុំខាន។

  2. សន្តិភាព – មិនដឹងថារឿងនេះជារឿងពិតរបស់ពិសិដ្ឋ រឺរបស់មិត្តពិសិដ្ឋទេ។ ស្នេហាពិតជាអាចធ្វើអោយមនុស្សឆ្កួតមែន។ មានតែអ្នកមិនធ្លាប់មានស្នេហាទេ មិនអាចយល់រឿងនេះ។ វ័យរបស់អូនជាយុវវ័យឈាមរាវ រឺនិយាយបានថាជា teenager។ ការគិត ការពិចារណា នៅជាក្មេង តែរូបរាង និងតំរូវការ ដូចមនុស្សធំ ប៉ុន្តែជីវិតមិនទាន់មានបទពិសោធន៍ដូចមនុស្សធំ។ ស្នេហាជាផ្នែកមួយនៃជីវិត។ ពេលយើងមានស្នេហា យើងចង់បានម្ចាស់ស្នេហ៍នោះមកនែបនិត្យជិតកាយ ចង់បានមកជាកម្មសិទ្ធ។ មនុស្សស្រីម្នាក់ ដែលគួរអោយស្រលាញ់ និងចេះគួរសមជាមួយមនុស្សទូទៅនោះ ងាយនឹងធ្វើអោយមនុស្សប្រុសស្រលាញ់ ហើយងាយនឹងធ្វើអោយមនុស្សប្រុសយល់ច្រលំថា ខ្លួនស្រលាញ់មនុស្សប្រុសម្នាក់នោះ។ បើតាមការនិយាយរបស់ពិសិដ្ឋ​ នារីម្នាក់នោះ គ្រាន់តែជានារីម្នាក់គួរសមប៉ុណ្ណោះ។ នាងមិនបានគិតអ្វីលើពិសិដ្ឋលើសពីមិត្តភាពទេ។ មកតែពីនាងគួរអោយស្រលាញ់បែបនេះហើយ ទើបធ្វើអោយប្អូនចាប់អារម្មណ៍លើនាង។ ប្អូនត្រូវគិតថា​ អារម្មណ៍របស់ប្អូននេះ ធម្មតាទេ។ វាមិនមែនជាកំហុសអីសោះហើយ។ លួចស្រលាញ់មនុស្សល្អម្នាក់មិនមែនជាកំហុសទេ។ ប្អូនក៏មិនចាំបាច់ប្រឹងបំភ្លេចនាងដែរ។ នឹកទៅ បើធ្វើអោយប្អូនសប្បាយចិត្ត។ ប៉ុន្តែប្អូនព្យាយាមតាំងចិត្តខ្លួនឯង យកកំលាំងនោះមកជាកំលាំងចិត្ត ខំប្រឹងរៀនបន្ថែមទៀត បង្ហាញអោយនាងឃើញថា ខ្លួនជាមនុស្សមានតំលៃពិតៗ។ មិនអាចជាគូស្នេហ៍ ក៏អាចជាមិត្តល្អ ជាមិត្តអាចពឹងពាក់បាន។ យកស្នាមញញឹមរបស់នាងនោះ មកទុកក្នុងចិត្ត ហើយប្រើប្រាស់វាជាប្រយោជន៍ ដូចជាថ្នាំសំរាប់លើកទឹកចិត្តយើងអោយប្រឹងមើលមេរៀនបន្ថែមទៀត។ ប្អូននៅមានពេលវេលាច្រើនក្នុងការជួបមនុស្សស្រីផ្សេងៗទៀត។ តែពេលវេលាសំរាប់រៀនសូត្រអាចកន្លងហួសបានដោយងាយ ចង់អោយវាត្រលប់មកវិញនោះមិនបានទេ។
    ស្នេហាមិនមែនសុទ្ធតែអាក្រក់ទាំងអស់ទេ ប្រសិនបើយើងចេះគ្រប់គ្រងលើវា។

  3. កុំទៅ​ខ្វល់​ច្រើនធ្វើអី ខ្ញុំ​ដឹង​ថា​នារី​ដែល​ពិសិដ្ឋ​ស្រលាញ់​ច្បាស់​ជាស្អាត​ហើយ ដូចនេះ ចូរ​រក​ស្រី​ស្អាត​ផ្សេង​ទៀត​ទៅ! ស្រលាញ់​នាង​ក៏​អត់​បាន​ការ​អីដែរ! រក​មើល​ផ្សេង​ទៀត​ទៅ​ក្រែង​លោ​ហេង គេ​ស្រលាញ់​វិញណា៎!

  4. កំពុងតែគិតអ្វីមិនលេចផង! ឥឡូវចូលមកដល់រឿង ស្នេហាពិសិដ្ឋទៀត! ហេ ហេ ហេ ពិសិដ្ឋនេះចំជាចិត្តឥតប្រែប្រួលមែន! បែកបាក់ម្តងហើយមកចុកឈាមម្តងទៀត ! ចំជាកម្មមែន:) បើបានជាជ្រុលអ៊ីចឹងហើយសាកល្បង រកអ្នកទីបីទៀតមើល ! បើរកមិនបានសាកសួរ លោកអង្គលីបុត្រ ឲ្យគាត់ណែនាំទៅ ឭថាគាត់ប្រសប់ខាងនឹង:D

  5. រឿងស្នេហាគឺតែងតែកើតមានចំពោះយុវវ័យ។​ សម្រាប់ពិសិដ្ឋ ចាត់ទុកថា ជាមនុស្សម្នាក់ដែលមានចិត្តតស៊ូ។ ព្រោះដឹងថាគេមានសង្សាហើយនៅតែ​រក្សាចិត្តខ្លួនស្រឡាញ់គេទៀត សុខចិត្តធ្វើបាបខ្លួនឯងដើម្បីមនុស្សស្រីម្នាក់។ សុខចិត្តឈឺចាប់តែមិនរាថយ គួរឲ្យសរសើរ ណាស់។ ជោគជ័យតែងតែរក មនុស្សណាដែលតស៊ូដើម្បីវា (ABC)។ សម្រាប់ជាមត្តិខ្ញុំសូមជូនជាវិធីខ្លះៗដើម្បី​ធ្វើឲ្យពិសិដ្ឋ​បានជោគជ័យ។
    ១.ពិសិដ្ឋត្រូវខំរៀន ឲ្យក្លាយជាមនុស្សលិចធ្លោក្នុងថ្នាក់ កុំទន់ជ្រាយត្រូវតែខិតខំ
    ២. កាត់បន្ថយការនិយាយាពាក្យសុំទោស។ មនុស្សស្រីយល់ថាពាក្យសុំទោសរបស់បុរសជាភាពទន់ជ្រាយ ហ្ចឹងកុំទន់ជ្រាយ មុននឹងធ្វើអ្វីត្រូវគិតដល់លទ្ធផល កុំធ្វើខុសហើយចាំសុំទោសក្រោយ
    ៣. ហ៊ានបំភ្លេចមនុស្សស្រីដែលខ្លួនស្រឡាញ់ រឺហៅថារឹងមាំក្នុងពិភពឈឺចាប់។ បើនាងជួបសង្សានាងចូរកុំបង្ហាញថាអ្នកកំពុង​ប្រច័ន្ធ ព្រោះមនុស្សស្រីយល់ថាភាពប្រច័ន្ធគឺមនុស្សដែលបរាជ័យ ដូចនេះកុំបង្ហាញថាខ្លួនកំពុងបរាជ័យ។ បើអ្នកនៅទីនោះដែរ អ្នកគួរតែមាន​ភាព​ក្លាហានហានស្វាគមន៍មិត្តភក្ររបស់នាងដោយការស្វាគមន៍អស់ពីចិត្ត។ អ្នកត្រូវហ្វិកហាត់វិធីបង្កើនជំនឿចិត្តលើខ្លួនឯង (Boot your confidence)
    ៤. បើអ្នកអ្នកស្រឡាញ់ស្រីណាម្នាក់ អ្នកគួរតែធ្វើតាមនាងគ្រប់បែបយ៉ាង តែមិនត្រូវធ្វើតាមនាងទាំងខុសនឹងសតិសម្បជញ្ញៈរបស់ខ្លួនទេ
    ៥. កុំបង្ហាញថាអ្នកស្រឡាញ់នាងគ្រប់ពេលវេលាពេក គ្រាន់តែបង្ហាញការ​យកចិត្តទុកដាក់ ដូចជាសួរពីសុខទុករបស់នាង សួរពីចំណង់ចំណូលចិត្ត​របស់នាង។ បើអ្នកធ្វើឲ្យនាងដឹងថាអ្នកស្រឡាញ់នាងខ្លាំង នាងនឹងមិនឃើញ អំពីអំពើល្អរបស់អ្នកទេ ព្រោះនាងគិតថាអ្វីដែលអ្នកធ្វើគឺដើម្បីយកក្តីស្រឡាញ់ ពីនាងតែប៉ុណ្ណោះ
    ៦. កុំអំនួត ។ បើនាងសរសើរថាអ្នកជាសិស្សពូកែ ចូរអ្នកឆ្លើយថា មិនមែនខ្ញុំពូកែទេ គឺដោយសារខ្ញុំមានសំណាងដែលបានរៀននៅទីនេះ ហើយ​មានមិត្តភក្រជួយផ្តល់កម្លាំងចិត្តប៉ុណ្ណោះ
    ៧. ចូរបង្ហាញថាអ្នកជាមនុស្សសន្សំសំចៃក្នុងការចាយវាយ ចេះទុកដាក់របស់​របរប្រើប្រាស់ផ្សេងៗឲ្យមានរបៀបជានិច្ជ
    ៨. រាប់មិត្តភក្រស្រីៗឲ្យបានច្រើនតាមតែអាចធ្វើបាន ធ្វើឲ្យនាងយល់ថាអ្នកមិន​មែនមានជំរើសតែមួយទេ តែអ្នកបានយកចិត្តទុកដាក់លើនាង នាងជានារីដែល​មានសំណាងម្នាក់
    ៩. ធ្វើឲ្យមនុស្សគ្រប់គ្នាចេះសើច។ អ្នកគួរតែនឹកគិតរឿងអ្វីដែលសប្យាយៗ ស្តាប់វិទ្យុកម្មវិធីជជែកកំសាន្តយកស្ទីលកំប្លែងតាមDJ រឺអានរឿងកំប្លែងៗ។ ចូរអ្នកហ៊ានបង្ហាញខ្លួននៅចំពោះពិភពលោកក្នុងរូបភាពអ្នកជាមនុស្សនាំមកនូវ​ភាពរីករាយ និងសុភមង្គល។

    សង្ឃឹមថាពិសិដ្ឋ នឹងទទួលបានជោគជ័យក្នុងការសិក្សា និស្នេហា!

  6. អរគុណ​ចំពោះដំបូន្មាន​របស់​អ្នក​ទាំង​អស់​គ្នា​។ ខ្ញុំ​នឹង​ព្យាយាម​ដំបូន្មាន​ទាំង​នោះ​តាម​តែ​អាច​ធ្វើ​បាន​។
    គិត​ៗទៅ ខ្ញុំ​ពិត​ជា​ក្មេង​មួយ​មិន​ដឹង​អី​សោះ តែ​បែរ​ទៅ​ជា​មាន​ស្នេហា នាំ​ឲ្យមាន​ទុក្ខ​ដល់​ខ្លួន​។

  7. អរគុណ​ជាអនេកកប្បការ ចំពោះ​ដំបូន្មាន​ដ៏​មាន​តំលៃ​របស់​khexpress បង​ដាវីត និង​បង​រដ្ឋា​។ ប្អូន​នឹង​ខិត​ខំ​ទប់​អារម្មណ៍​ខ្លួន​ឯង​ ហើយ​កែ​ប្រែ​ការឈឺ​ចិត្ត ទៅ​ជា​ការ​តស៊ូ​វិញ​។

  8. អីយូ ខានមោអើតម្ចាស់ផ្ទះនេះប៉ុន្មានថ្ងៃ មិនដឹងថាម្ចាស់ផ្ទះកំពុងខូចចិត្តចឹងសោះ។ មើលយោបលពីលើម៉ោគិតថាល្អៗហើយ មិនដឹងថាអោយយោបលមេចទៀតទេ ព្រោះថាមិនសូវដឹងដែរ។ គ្រាន់តែចង់ប្រាប់ថា អ្វីដែលពិសិទ្ធគិតនេះពេលខ្លះមិនមែនជាអ្វីដែល ហៅថាស្នេហាពិតប្រាកដនៅឡើយទេ។ តែអ្វីដែលហៅថាស្នេហាពិត? បងក៏មិនដឹងដែរ ធ្លាប់លឺបងៗគាត់និយាយដែរទេ។
    ហើយបងគិតថាក្មេងបែបនេះគួរតែប្រឹងដើរទៅតាមផ្លួវនៃការសិក្សារ ប្រសើរជាផ្លួវនៃស្នេហា។ ចេះតែថាប៉ុណ្ណឹងទេ 😀

  9. ខ្ញុំគិតដូចលោក សុវុឌ្ឍី ដែរ។ តែបើប្អូនមិនយល់ដូច្នោះទេ ប្អូនមានផ្លូវ២សំរាប់រើស
    ១.សារភាពប្រាប់នាង ត្រូវហ៊ានទទួលស្គាល់ចំលើយរបស់នាង
    ២.បំភ្លេចនាងបើមិនហ៊ានសារភាពប្រាប់នាងទេ

  10. អើយ! ពិសិដ្ឋ​អើយ។ កាត់​ចិត្ត​ទៅ។ ចំពោះ​រឿង​ស្នេហា​នេះ ម៉ាក់​ខ្ញុំ​គាត់​បាន​ផ្ដល់​ដំបូន្មាន​មួយ​ដែល​ខ្ញុំ​ចង​ចាំ​ជា​និច្ច​នោះ​គឺ “ស្នេហា​ក្នុង​វ័យ​សិក្សា​ច្រើន​តែ​ជា​ស្នេហា​រន្ទះ​បាញ់” មាន​ន័យ​ឃើញ​គេ​ក៏​ចាប់​ចិត្ត​ទៅ​លើ​គេ​ភ្លាម​ មិន​ដឹង​ជា​មូល​ហេតុ​អ្វី ប៉ុន្តែ​ទោះ​បី​ជា​ស្រលាញ់​គ្នា​ក៏​ដោយ​គ្មាន​ការ​ពិចារណា មិន​ដឹង​ថា​ជីវិត​ទៅ​ថ្ងៃ​មុខ​នោះ​គិត​យ៉ាង​ណា​ទេ ចេះ​តែ​និយាយ​ថា​ “ស្រលាញ់​អាច​ធ្វើ​ឲ្យ​ជីវិត​រីករាយ​” ដូច​ឆ្កួត​អញ្ចឹង លុះ​ដល់​ពេល​មាន​កូន​ទៅ​ តាំង​ឈ្លោះ​គ្នា ស្ដាយ​ក្រោយ ​គ្មាន​សុភមង្គល​ទេ។ មនុស្ស​ចាស់​គេ​ធ្លាប់​ឆ្លង​កាត់​បទ​ពិសោធ​ច្រើន គេ​ដឹង ដូច្នេះ​ខ្ញុំ​ជឿ​ពាក្យ​សម្ដី​ម៉ាក់​របស់​ខ្ញុំ។ តាម​គំនិត​ខ្ញុំ មុន​នឹង​ចង់​យក​ខ្លួន​ទៅ​ប្រលូក​ក្នុង​ក្ដី​ស្នេហា គួរ​សួរ​ខ្លួន​ឯង​មួយ​ម៉ាត់​សិន ថា​តើ​ក្ដី​ស្នេហា​ហ្នឹង​វា​មាន​អត្ថន័យ​យ៉ាង​ម៉េច? ហើយ​តើ​ប្រសិន​បើ​យើង​យក​គេ​ធ្វើ​ជា​ប្រពន្ធ​ហើយ តើ​យើង​នឹង​មាន​អ្វី​ទៅ​រក​ស៊ី​ធ្វើ​ការ​ចិញ្ចឹម​គេ?!! ណ្ហើយ! ចាំ​រក​ការងារ​ធ្វើ​បាន​ធូរ​ធារ​ជីវ​ភាព​គ្រួសារ​សិន​ទៅ ចាំ​ទៅ​គិត​អា​រឿង​ស្នេហា​ស្នេហ៍​ហឺត​ហ្នឹង។ ខ្ញុំ​ក៏មាន​អារម្មណ៍​ដូច​បង​ឯង​ដែរ តែ​បង​ឯង​មើល​ខ្ញុំ​ទៅ​មើល សប្បាយ​រីករាយ​រហូត មិន​ទៅ​ខ្វល់​អា​រឿង​អត់​បាន​ការ​ហ្នឹង​ទេ នាំ​តែ​អំពល់​ខ្លួន​អត់​អំពើ។ គិត​រឿង​រៀន​វិញ​ទៅ!

  11. នេះ​ជា​បំណង​ល្អ​ពី​សាលា​ក្រុង​ហ្វីដែល ណា៎! ព្រះ​ក៏​បាន​ប្រាប់​ខ្ញុំ ឲ្យ​ប្រាប់​បង​ឯង​ថា ផ្លូវ​ទៅ​ថ្ងៃ​មុខ​នៅ​វែង​ឆ្ងាយ​ណាស់ កុំ​គិត​ថា​នៅ​ជិត​បង្កើយ​នោះ។ រឿង​ថ្ងៃ​មុខ​មិន​ដឹង​ទៅ​ជា​យ៉ាង​ណា​ទេ ដូច្នេះ​ត្រូវ​ត្រៀម​ខ្លួន​ទុក​ជា​មុន មិន​ត្រូវ​គិត​ខ្លី​ទេ! សង្ឃឹម​ថា​បង​ឯង​នឹង​យល់​ពី​អ្វី​ដែល​ខ្ញុំ​និយាយ។

  12. កុំនឹកគេ ព្រោះគេមិនបាននឹកយើងទេ
    កុំគិតទៅគេ ព្រោះគេមិនបានគិតមកយើងទេ
    កុំកើតទុក្ខ ព្រោះគេមិនបានមកឃើញសភាពទុក្ខសោករបស់យើងទេ

    ខ្ញុំមិននិយាយច្រើនទេ ខ្លាចមិត្តខ្ជិលអាន។ ហេស ហេស

  13. ហ្អែ! សុំ​សួរ​មួយ៖ តើ​បង​សិដ្ឋ​ឯង​និយាយ​មែន​រឺ​លេង? តើ​បង​សិដ្ឋ​ឯង​ពិត​ជា​ជួប​ប្រទះ​នឹង​រឿង​ស្នេហា​បែប​នេះ​មែន រឺ​ក៏​ចេះ​តែ​សរសេរ​លេង​កំសាន្ត​ទេ? គ្រាន់​តែ​សួរ​ឲ្យ​ច្បាស់ ប៉ុណ្ណោះ។ ហេ ហេ!!!

  14. និយាយ​អញ្ចឹង​ក៏​មិន​ត្រូវ​ដែរ ថ្លើម​ខុស​គ្នា​នោះ​វា​ត្រូវ​ហើយ ប៉ុន្តែ​ចិត្ត​ខ្ញុំ​វិញ​មិន​មែន​មាន​តែ​មួយ​ទេ គឺ​រាប់​រយ​ឯ​ណោះ។ បង​សិដ្ឋ​ឯង​គួរ​តែ​យល់​ហើយ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s