គំនិតខ្ញុំ

Internet = អន្តរបណ្ដាញ


ខ្ញុំ​ទើប​តែ​នឹក​ឃើញ​ថា ពាក្យ​អិនធឺណែត (Internet) គ្មាន​អ្នក​ណា​ម្នាក់​នាំ​គ្នា​ហៅ​តាម​ភាសា​ខ្មែរ​សោះ​។ ថ្មីៗនេះ ខ្ញុំ​នឹង​ទទួល​ពាក្យ​ថ្មី​មួយ​ពី​ហ្វីដែល មិត្ត​របស់​ខ្ញុំ។ គេ​បាន​ពន្យល់​ប្រាប់​ខ្ញុំ​ថា ពាក្យ​ Internet = Inter + Network ។ បន្ទាប់​គេ​ក៏​បាន​បក​ជា​ភាសា​ខ្មែរ Inter = អន្តរ,    Network = បណ្ដាញ ។ រួច​មក​គេ​ក៏​បាន​បញ្ចូល​ពាក្យ​នេះ​ជា​មួយ​គ្នា នាំ​ឲ្យ​បាន Internet = អន្តរបណ្ដាញ ។ ខ្ញុំ​គិត​ថា​ ពាក្យ អន្តរបណ្ដាញ មាន​ន័យ​គ្រប់​គ្រាន់​អាច​ឲ្យ​យើង​ប្រើ​ការ​បាន ជាទូទៅ​។

ចំពោះគំនិត​ខ្ញុំ​ ខ្ញុំ​គិត​ថា​គួរ​តែ​នាំ​គ្នា​ឈប់​ហៅ​Internet ថា អិនធឺណែត ទៀត​ទៅ យើង​គួរ​ប្រើ​ភាសា​របស់​យើង​វិញ ព្រោះ​យើង​មាន​ពាក្យ​នេះ​ដែរ​តើ។ យើង​គួរ​ហៅ Internet ថា អន្តរបណ្ដាញ​វិញ​៕

Advertisements

32 thoughts on “Internet = អន្តរបណ្ដាញ

  1. ពាក្យនេះ​ល្អ​ណាស់! ខ្ញុំសូម​សរសើរ​ដល់​អ្នក​ដែល​រក​នឹក​ឃើញ!
    តែអ៊ិនធឺណិត​ជា​ បច្ចេកទេស របស់​ប្រទេស​គេ! ខ្ជីគេ​មក​ប្រើ​គឺ​ប្រសើរ​ជាង ត្រង់​ថា​ងាយ​ទទួល​យក​បានជា​ទូទៅ។ ម៉្យាង​ទៀត​វា​អាច​ថា​ជា​ ឈ្មោះ របស់​សេវា​កម្ម! ឈ្មោះ​មិន​គួរ​ហៅបាន​ច្រើន​ពេកទេ នាំ​ឲ្យមាន​ភាព​ស្មុគស្មាញ អាច​ច្រឡំទៀត!

  2. ពាក្យ អន្តរបណ្ដាញ ក៏​នៅ​មិន​ទាន់​ត្រូវ​ដែរ ។ បើ​គេ​សួរ​ ឯង​ទៅ​រៀន​អី ? ឆ្លើយ​ថា ខ្ញុំ​ទៅ​រៀន​បណ្ដាញ ។ (ស្ដាប់​អត់​បាន)

    ឯង​ទៅ​ណា​ហ្នឹង? ខ្ញុំ​ទៅ​ពិនិត្យ​អន្តរបណ្ដាញ ។ (​អ្នក​សួរ​ហ្នឹង​ថា​ម្នាក់​ហ្នឹង​ទៅ​អន្តរជាតិ​ផង​ក៏​មិន​ដឹង) 😛 ។ ពិនិត្យ = ឆែក, អន្តរបណ្ដាញ = អ៊ីនធឺណិត, បណ្ដាញ = ណេតវឺក ។

    ពាក្យ អ៊ីនធឺណិត ត្រូវ​បាន​គេ​ប្រើ​គ្រប់គ្នា​ទៅ​ហើយ សូម្បី​តែ​អ្នក​មិន​ចេះ​កុំព្យូទ័រ​ក៏​ស្គាល់​អ៊ីនធឺណិត​ដែរ ។ ប្រទេស​ផ្សេងៗ​ក៏​គេ​ប្រើ​តែ​ពាក្យ​អ៊ីនធឺណិត​នេះ​ដែរ ។ កុំ​ព្យាយាម​បកប្រែ​ដល់ Firefox ជា កញ្ជ្រោង​ភ្លើង ពិបាក​ស្ដាប់​ណាស់ ។

  3. ខ្ញុំសូមគាំទ្រទាំងស្រុង ការប្រើប្រាស់ Internet ជាអន្តរបណ្តាញ។ ប៉ុន្តែបើឃើញថា អាចប្រែសំរួលបានត្រូវតាមន័យ ពាក្យពត៌មានវិទ្យា ជាភាសាខ្មែរ, វាកាន់តែប្រសើរ ព្រោះវានាំអោយអ្នកអាន ដែលចេះស្ទើរភាសាអង់គ្លេស ងាយយល់និយមន័យ របស់ពាក្យ។

  4. ចំពោះ​ខ្ញុំ​គាំ​ទ្រ​គំនិត​លោក​បឿន។ គំនិត​សម្តេច​ជួន ណាត​ក៏​បែប​នេះ​ដែរ សូម​ស្តាប់​នាទី​អក្សរសាស្ត្រ​ខ្មែរ ,,,,,,។ តែ​ខ្ញុំ​មាន​គំនិត​ខុស​ពី​សម្តេច​បន្តិច។ ចំពោះ​ខ្ញុំ​ បើ​នឹង​បញ្ចូល​ពាក្យ​មួយ​ក្នុង​វចនា​នុក្រម គេ​គួរ​​គោរព​គោលការណ៍​ខ្មែរ​ជា​ធំ ខុស​នឹង​វេយ្យករណ៍​របស់​ភាសា​នៃ​ពាក្យ​ដែល​យើង​ខ្ចី​មក​ប្រើ​នោះ​ក៏​ខុស​ទៅ។ យ៉ាង​ណា​ពាក្យ​នោះ​ត្រូវ​មាន​លក្ខណៈ​ជា​ខ្មែរ អាន​ចេញ​សូរ​របៀបភាសា​ខ្មែរ ព្យាង្គ​តិច ។ល។ តែ​អ្វី​ដែល​សំខាន់​ជាង​គេ​គឺគោរព​មតិភាគ​ច្រើន។ បើ​មួយ​ចំហៀង​ប្រទេស​អានថា​អ៊ីនធ័រនែត​ទៅ​ហើយ គួរ​តែ​ពិចារណា​ដែរ។
    និយាយ​ថា អន្តរ​បណ្តាញ មិន​ប្រាកដ​ថា​អ្នក​ស្តាប់​យល់​ថា​ជា​ស្អី​នោះ​ទេ។
    តើ​លោក​អ្នក​ប្រាកដ​រឺ​ថា​ពាក្យ​អន្តរ​(អន់ តៈ រ៉ៈ )ជា​ពាក្យ​ខ្មែរ? អន្តរ= antara ជា​ពាក្យ​សំស្ក្រឹត​សុទ្ធ​គ្មាន​កែច្នៃ​ជា​លក្ខណៈ​ខ្មែរ​អ្វី​បន្តិច​ទេ។ កាលពីមុន​ខ្មែរ​ច្នៃ​មក​អាន​ថា អន់​-ដ- ដូច​ជា​អន្តរធាន អាន​ថា អន់-ដ-ធាន។ វេស្សន្តរ អានថា វេស សន់ ដ។ តែ​ឥលូវ​បែរ​នាំ​គ្នា​មក​អាន​អោយ​ដូច​សាសន៍​គេ​ទៅ​វិញ អន់ តៈ រ៉ៈ ធាន, វេស សន់ តៈ រ៉ៈ ។

    ភាសា​សំស្ក្រឹត​ហៅ​Internet ថា​ អន្តរជាល (អាន​ថា អន់ តៈ រ៉ៈ ជាលៈ )។ ជាល នេះ​ខ្មែរ​យើង​ក៏​យក​មក​ប្រើ​ដែរ (គ្រាន់​តែ​មិន​អាន​ ជាលៈ អាន​ថា​ជាល )សំរាប់​ហៅ​ឈ្មោះ​ឧបករណ៍​ប្រភេទ​កញ្ច្រែង ល្អី ….។

    ការ​បក​ប្រែ Informatic = ព័ត៌មាន​វិទ្យា​ មិន​ប្រាកដ​ថា​ជា​ត្រូវនោះ​ទេ ចូរ​ពិនិត្យ​សារ​ឡើង​វិញ​នូវ​ន័យ​របស់​ពាក្យ​​ព័ត៌មាន ។ ប៉ុន្តែ​គេ​ប្រើ​សឹក​ទៅ​ហើយ ដូច្នេះ​ចាត់​ទុក​ថា​ត្រូវ​វិញ។

  5. ទស្សនៈ​របស់​វិចិត្រ បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​ក្មេងៗ​ក្រោយ​វង្វេង​ថែម​ទៀត​ប៉ុណ្ណោះ ។ ខ្ញុំ​ថា​ល្មម​ឈប់​ហើយ​អ្ហី ។ លោកតា លី សុវី ខំ​ចេញ​សៀវភៅ​ប្រឆាំង​នឹង​សម្ដេច​ជួន ណាត និង​បាន​ធ្វើ​ឲ្យ​កូន​ខ្មែរ​វង្វេង​មិន​តិច​ទេ ។ លោកតា​បណ្ឌិត កេង វ៉ាន់សាក់ ធ្វើ​ឲ្យ​ការសរសេរ​បច្ចុប្បន្ន​ខុស​រាប់​មិន​អស់ ។ តួយ៉ាង ដូច​សំណេរ​របស់​លោក​វិចិត្រ​ជា​ដើម ។ ពាក្យ​មួយៗ​សុទ្ធ​តែ​មាន​ដើម​កំណើត និង​ឫស​គល់​របស់​វា បើ​លោក​ចង់​បង្កើត​ពាក្យ​ថ្មី ហើយ​ជា​ពាក្យ​ខ្មែរ​សុទ្ធ ចុះ​អត្តសញ្ញាណ​អក្សរ​ខ្មែរ​ទៅ​ជា​យ៉ាងណា ? លោក​គួរ​គិត​ពី​ចំណុច​នេះ​ផង ។ ប្រទេស​ជប៉ុន ជា​ប្រទេស​ជប៉ុន កូរ៉េ គង់​គេ​មិន​បោះបង់​អក្សរ​ដែល​មាន​ដើម​កំណើត​ពី​ចិន ។ គង់​គេ​នៅ​អាន​តាម​ចិន ។ អង់គ្លេស ចម្រុះ​រាប់​រយ​ភាសា គង់​គេ​មិន​គិត​ថា​ធ្វើ​ឲ្យ​អាន​សំឡេង​ឲ្យ​ត្រូវ​គ្នា​តែ​មួយ ពាក្យ​សរសេរ​ដូចគ្នា អាន​ខុស​គ្នា ។ អ្នក​រៀន​ពិបាក​ចង់​ស្លាប់ រៀន​ចេះ​សរសេរ​ហើយ​តែ​អាន​មិន​ទាន់​ត្រូវ ។

    ខ្ញុំ​ថា លោក​គួរ​តែ​គិត​ទៅ​អនាគត​នៃ​អក្សរ​ខ្មែរ​ផង ។ និយម​ពេក ដូច​ជា​មិន​សូវ​ល្អ​ទេ​អ្ហី ។

  6. បឿន៖​លោក​វង្វេង​យ៉ាង​ម៉េច​ខ្លះ​ទៅ?
    លោក​ប្រាកដ​ហើយ​ថា​ជប៉ុន​អាន​ដូច​ចិន​សុទ្ធ​នោះ។ ខ្ញុំ​មិន​ចេះ​ចិន​ជប៉ុន​ទេ។ តែ​អង់គ្លេស​វិញ ខ្ញុំ​ច្រលំ​ដឹង​ថា អង់គ្លេស​ហៅ​កម្ពុជា​ថា Cambodia? ម៉េច​មិន​អង់គ្លេស​ខំ​ថា កម្ពុជា​ តាម​ខ្មែរទៅ។ ខ្ញុំ​មិន​ថា​អង់គ្លេស​អន់​ទេ នេះ​គេ​និយាយ​ថា​លក្ខណៈ​ភាសា​គេ។

    “អង់គ្លេស ចម្រុះ​រាប់​រយ​ភាសា គង់​គេ​មិន​គិត​ថា​ធ្វើ​ឲ្យ​អាន​សំឡេង​ឲ្យ​ត្រូវ​គ្នា​តែ​មួយ ពាក្យ​សរសេរ​ដូចគ្នា អាន​ខុស​គ្នា” លោក​និយាយ​នេះ ធ្វើ​ដូច​ខ្ញុំ​ចង់​អោយ​សរសេរ​ដូច​គ្នា​អាន​ដូច​គ្នា។ “​មាន​តែ​ធ្លាប់​រិះគន់​អ្នក​ខ្លះ​ដែល​ខ្ាច​អាន ឡ ល ច្រលំ សរសេរ ស្រលាញ់​ ជា​ស្រឡាញ់ បើ​គ្រាន់​បើ​មិន​ខ្លាច​ច្រលំ សាលា​ផង​ដែរ​ទៅ?​(ខ្លាច ខុស​នឹង​បាលី?)។

  7. មិន​ដឹង​ជា​លោក​បឿន​នៅ​ចាំ​រឺ​អត់ ខ្ញុំ​ធ្លាប់​ទាំង​រិះ​គន់​អ្នក​ខ្លះ​ដែល​ចង់​កែ អាស៊ី មកអាហ្ស៊ី ព្រោះ​ខ្លាច​អាន​ច្រលំ​ថា អា​ -ស៊ី ។

  8. គ្រាន់បើដែលកូនខ្មែរនាំគ្នាពិភាក្សាពីអក្សរសាស្រ្ត និងអនាគតនៃភាសា​ជាតិយើង។ ការប្រឈមមុខរបស់យើងទាំងអស់គ្នានេះកើតឡើង​ដោយ សារយើងមិនមានស្ថាប័នភាសាជាតិច្បាស់លាស់។ អ្នកដឹង​ខ្លះមិនធ្វើ អ្នកធ្វើខ្លះមិនដឹង អ្នកខ្លះមិនដឹងហើយក៏មិនធ្វើ។ តាមពិត​មានក្រុមអក្សរ​សាស្ត្រជាតិនៅរាជបណ្ឌិតសភា ប៉ុន្តែការងារដូច​ជា​មិនសូវមានអ្វីជាផ្លែ​ផ្ការ​ឡើយ។

    លាក់បាំងអី ខ្ញុំមិនមែនជាអ្នកអក្សរសាស្ត្រទេ ហើយក៏មិនបានសិក្សា អីអោយបានស៊ីជំរៅដែរ។ តាមការសង្កេតរបស់ខ្ញុំ អ្នកអក្សរសាស្ត្រ​ នៅក្នុងសង្គមខ្មែរអាចបែងចែកជាបីក្រុម។ ទី១​ ក្រុមអភិរក្សនិយម, ទី២ ក្រុមខេមរយានកម្ម, និងទី៣ ក្រុមនិយមកណ្តាល។

    ក្រុមទី១​ និងទី២​ មិនដែលត្រូវគ្នាឡើយ ហើយច្រើនតែរៀងជ្រល់និយម បន្តិច។ ចំណែកក្រុមទី៣ គឺមានភាពបត់បែននិងមានលក្ខណៈ​សំយោគ គំនិតក្រុមទាំងពីរ។​

    ចំពោះការបកប្រែពាក្យ “internet” ដែលអ្នកទាំងអស់គ្នាបានពិភាក្សា​ ខាងលើ​ ឃើញថាម្នាក់ៗសុទ្ធតែបានប្រកាន់ជំហររបស់ខ្លួនក្នុងក្រុម ណាមួយដែលខ្ញុំបានលើកឡើងពីខាងលើ។

    ដើម្បីដោះស្រាយចំពោះការខ្វែងគំនិតខាងលើ យើងត្រូវឈរនៅលើ គោលការណ៍មួយគឺ​ “គោលការណ៍ស្តីពីការបង្កើតពាក្យថ្មី”។​ នៅក្នុង ទស្សនវិជ្ជាមានមុខវិជ្ជាមួយឈ្មោះថា “សិល្បះនៃការបកប្រែ” ដែលភាសាអង់គ្លេសហៅថា “Hermeneutics”។ ពាក្យនេះមនុស្សភាគ ច្រើនមិនសូវដឹងឡើយ។ ជាទ្រឹស្តីការបកប្រែពាក្យមួយអាចធ្វើទៅបាន តាមគោលការណ៍បី៖
    – ការបកប្រែ (translation)
    – ការបកតាមសំនៀងអាន (transliteration)
    – ការបកប្រែជាន័យ (contextual translation)

    យោងតាមគោលការណ៍នេះ គេតែងតែធ្វើការបកប្រែតាមសំនៀងអាន ភាគច្រើនចំពោះពាក្យថ្មី ឫកំចីភាសា ដែលពេលខ្លះក៏មានការកែប្រែ សូរស័ព្ទខ្លះទៅតាមទំនាញសូរនិងក្បួនវេយ្យាករណ៍នៃភាសារបស់គេ។

  9. ខ្ញុំភ្លេចបញ្ជាក់ថា នៅស្រុកខ្មែរការបកប្រែតាមសំនៀងអានក៏មានភាពខុស ប្លែកគ្នាដែរ ជាពិសេសចំពោះពាក្យ ឫ​ឈ្មោះ គឺការបកតាមភាសាបារាំងឫ អង់គ្លេស។ ឧ.​ ឈ្មោះរបស់ទស្សនវិទូក្រិកដ៏ល្បី៖
    – Plato ភាសា​អង់គ្លេស
    – ប្លាតុង (ការបកតាមភាសាបារាំង)
    – ប្លាតូ (ការបកតាមភាសាអង់គ្លេស)

  10. I say “NO” ចំពោះ​ពាក្យ “អន្តរបណ្ដាញ” ហើយ​ពាក្យ​ផ្សេង​ទៀត Homepage ទំព័រ​ផ្ទះ គេហទំព័រ ​អី​ហ្នឹង គិតៗ​ទៅ អត់​ទំនង (គំនិត​ខ្ញុំ​ផ្ទាល់)
    Internet មាន​សំឡេង​បី​ម៉ាត់៖
    In- ខ្លះ​សរសេរថា អិន អ៊ិន អាំង ឥន
    -ter- ខ្លះ​សរសេរ​ថា ធឺ ធើ ធ័រ ថឹ រើ ទែរ
    -net ខ្លះ​សរសេរ ណែត នែត ណិត និត ណេត នេត
    បើ​ផ្គុំ​ទៅ​មាន​ការ​សរសេរ​ខុស​គ្នា​ច្រើន​ណាស់…
    បើ​ឲ្យ​សម្រេច​ថា​យក​មួយ​ណា​នោះ​ជា​រឿង​ឈឺ​ក្បាល​ណាស់ ។ គ្រាន់​តែ​យក​មួយ​ម៉ោ​ប្រើ​ទាំង​អស់​គ្នា​ទៅ​ចប់​ហើយ ហើយ​ថា​ជា​ពាក្យ​កម្ចី​ក៏​ស្រេច​ដែរ!! ពាក្យ​កម្ចី​ចាំ​បាច់​មាន​សៀង​មាន​វៃយាករណ៍​ឲ្យ​ស្រប​ខ្មែរ​បាលី​សំស្ក្រឹត​ដែរ? !!! ហើយ​បើ​យក​ពាក្យ​ប៉ុន្មាន​ម៉ាត់​ដែល​បំបែក​ខាង​លើ​មក​ផ្គុំ​គឺ​មាន​ពាក្យ​សមរម្យ​តែ​ប៉ុន្មាន​ទេ
    អិនធើណែត អិនធើណិត អាំងទែរណែត ឥន្ថឹណិត […] ខ្ញុំ​អត់​ជំទាស់​មួយ​ណា​ទេ ព្រោះ​វា​សម​ស្រប​​ហើយ គ្រាន់​តែ​ថា​វា​ច្រើន​បែប​ច្រើន​បទ​ពេក!!។
    ធឺ អត់​អាច​ប្រើ​បាន​ទេ ព្រោះ-ter- ពុំ​មែន​សំឡេង​-ធឺ- ឬ -រើ-​ទេ! ហើយ​ក៏​ពុំ​មែន ធ័រ ដែរ ព្រោះ ធ័រ សំឡេង​មិន​ឃ្លាត​ពី ធម៌ ឬ ធម្ម​ ទេ!! សួរ​ថា​តើ​អាច​ប្រើ​បាន​ទេ ធ័រ ហ្នឹង … សាក​មើល​ឧទាហរណ៍​ខាង​ក្រោម៖
    “ត្រាក់​ទ័រ” កន្លង​មក​យើង​ប្រើ​ជា​ផ្លូវ​ការ​ហើយ ហើយ​អាច​យក​ជា​គំរូ​បាន… ជំនាន់​នោះ​ខ្មែរ​យក​សៀងបារាំង​មក​​ប្រើ​ច្រើន តែ​ប្រើ​ជា​ពាក្យ​កម្ចី !!! tractor , tracteur, ត្រង់ -tor- និង -teur- មាន​បារាំង​អង្គ្លេសឯណា​ហៅ​ថា ទ័រ ពី​អង្កាល់?

    រឿង​មួយ​ដែល ស្រុក​គេ ប្រើ Cambodia, Camboja, Cambodge, kampuchea ។ល។ ជំនួស​ឲ្យ “កម្ពុជា” ខ្ញុំ​ថា​សំខាន់​គឺ​គេ​ឯកភាព​ថា​ប្រើ​មួយ​ណា​ឲ្យ​ប្រាកដ គេ​ប្រជុំទៅ​ ពិភាក្សា​ទៅ​ សម្រេច​ទៅ គេ​យក​មួយ​​ហ្នឹង រួច​សរសេរ​ថែម​ក្នុង​វចនានុក្រម​គេ​ខ្វាច់!! វា​មាន​អី​ប្លែក​ត្រង់​ហ្នឹង ចុះ​កាល​ដែល​ខ្មែរ ប្រើ “សិង្ហ​បុរី” ជួស​ឲ្យ Singapore តែ​គេ​មាន​ហាម​មិន​ឲ្យ​ហៅ សាំងហ្គាពួរ ឯណា!! វា​ជា​ពាក្យ​កម្ចី ។ ឯ “សិង្ហបុរី” យើង​សម្អាង​ថា Singa = សិង្ហ ឬ​តោ និង Pura= ក្រុង ឬ​បុរី ដូច្នេះ! សម្រេច​យក​ផ្លូវ​ការ​ហើយ​ត្រូវ​ដាក់​ចូល​ក្នុង​វចនានុក្រម​ទៅ គឺ​វា​ក្លាយ​ជា​ពាក្យ​មួយ​មាន​ន័យ​ពេញ​លេញ​ហើយ… ក្រសួង​មាន​នាទី​អប់រំ​ឯនោះ អាច​​ប្រើ​ជា​ភាសា​រាស្ត្រ​យ៉ាង​ម៉េច រាជការ​ប្រើ​យ៉ាង​ម៉េច​ អា​ហ្នឹង​ចាត់​ចែង​តាម​ហ្នឹង ។ តិច​លោ​ទៅ​បង្រៀន​កូន​សិស្ស ម្ដង​សរសេរ សឹង្ហបុរី សិង្ហបូរី សឹង្ហបូរី ឡប់​ឡែ​ចឹង… នរណា​ទទួល​ខុស​ត្រូវ ។

  11. លោក​វិចិត្រ​សួរ​ថា​វង្វេង​យ៉ាងម៉េច ។ គឺ​វង្វេង​មិន​ដឹង​ថា​មួយ​ណា​ត្រូវ មួយ​ណា​ខុស វង្វេង អក្ខរាវិរុទ្ធ វង្វេង​វេយ្យាករណ៍ និង​វង្វេង​ច្បាប់​ក្បួន​ត្រឹមត្រូវ មក​យក​ច្បាប់​ថ្មី ដើម្បី​ឲ្យ​ខ្លួនឯង​ងាយស្រួល ។ ប្រហែល​ជា​ពិបាក​យល់​បន្តិច ។ ប៉ុន្តែ​លោក​ពិនិត្យ​មើល ពាក្យ សម្រេច គេ​ថា​សរសេរ សំរេច​ក៏​បាន ពាក្យ ចម្លើយ គេ​ថា​សរសេរ ចំលើយ​ក៏​បាន ពាក្យ ដំណើរ គេ​ថា​សរសេរ ដំនើរ​ក៏​បាន ពាក្យ ឧបករណ៍ មាន​អ្នក​ខ្លះ​ថា សរសេរ ឧបករ ក៏​បាន និង​មាន​អ្នក​ខ្លះ​ទៀត សរសេរ អ៊ុប៉ាករ ក៏​មាន ។ល។ ហ្នឹង​ហើយ​ដែល​ខ្ញុំ​ថា​វង្វេង​នោះ ។ ពេល​ខ្លះ​ខ្ញុំ​ក៏​វង្វេង​មិន​ដឹង​ថា​មួយ​ណា​ជា​មួយ​ណី​ដែរ ។

    ច្បាប់​ក្បួន​វេយ្យាករណ៍ ស្ទើរតែ​ភ្លេច​បាត់​អស់​គ្មាន​សល់ ខ្ញុំ និង​​ខ្មែរ​ជា​ច្រើន​ទៀត​អត់​ចេះ​វេយ្យាករណ៍ តើ​ឲ្យ​អាច​បង្កើត​ពាក្យ​ថ្មី​យ៉ាង​ម៉េច​បាន ? ពាក្យ​ខ្មែរ​ថ្មី ត្រូវ​ពឹងផ្អែក​លើ​វេយ្យាករណ៍ និង​អត្ថន័យ និង​សូរសៀង ដូច​លោកគ្រូ រឿន បាន​លើក​ឡើង​ខាងលើ ។ ខ្ញុំ​លើក​ឧទាហរណ៍​មួយ​ដែល​ខ្មែរ​បង្កើត​ពាក្យ​ចេញ​ពី កិរិយាស័ព្ទ ។

    ពាក្យ ស្នើ -> សំណើ ។ ពាក្យ​នេះ គេ​មិន​សរសេរ សំនើ ទេ ដោយ​ពាក្យ​ដើម ស្នើ ខ្យល់ អ (ស) ហើយ​បើ​កាលណា ពាក្យ​ដើម​ខ្យល់ អ កម្លាយ​តាម​ផ្នត់ [-អ’ម-] ពាក្យ​ក្លាយ​ត្រូវ​សរសេរ​ជា​អក្សរ ណ ។ល។

    អក្សរ​ខ្លះ មិន​អាច​ប្រកប​នឹង​ជើង​មួយ​ចំនួន តែ​អត់​មាន​អ្នកណា​ចាប់​អារម្មណ៍​ទេ ឲ្យ​តែ​ចេញ​សំឡេង​មក​ត្រូវ ឬ​ស្រដៀង​សរសេរ​ហើយ ។ល។

    ត្រង់​ហ្នឹង​ហើយ​ដែល​ខ្ញុំ​ថា ​ខ្មែរ​វង្វេង​បាត់​អស់​ក្បួន​ច្បាប់​វេយ្យាករណ៍ វង្វេង​ខុស​អក្ខរាវិរុទ្ធ ហើយ​ពេល​ចង់​បង្កើត​ពាក្យ​ថ្មី ចេះ​តែ​សរសេរ​តាម​នឹក តាម​ការយល់ឃើញ​ម្នាក់ៗ រួច​ហើយ​ទើប​ជជែក​ និង​ប្រឆាំង​​គំនិត​គ្នា​ជា​ក្រោយ ។

    ក្បួន​កម្លាយ​ខាងលើ បើ​បង្រៀន​ក្មេង ឬ​អ្នក​ដែល​អត់​ដឹង​វេយ្យាករណ៍​គេ​ថា​ខុស​ហើយ ព្រោះ​ឃើញ​គេ​សរសេរ សំនើរ បាន​ដែរ​ហ្នឹង ។ ប៉ុណ្ណឹង​លោក​ថា​វង្វេង​ឬ​អត់ ?

  12. លោក​បឿន​អើយ លោក​អី​ក៏​ឆាប់​វង្វេង​ម្ល៉េះ? មនុស្ស​ប៉ុន្មាន​ភាគរយ​វង្វេង​ជាមួយ​លោក​?
    លោក​ថា “ពាក្យ សម្រេច គេ​ថា​សរសេរ សំរេច​ក៏​បាន” លោក​ថា​នរណា​ខ្លះ​និយាយ​អញ្ចឹង?
    លោក​ថា “ពាក្យ ស្នើ -> សំណើ” លោក​ថា​ ណ ជា​ខ្យល់ អ​របស់ ន លោក​ចេះ​ពី​ណា​មក? ។ ខ្ញុំ សួរ​លោក​ថា ចុះ​សំនួរ មក​ពី​សួរ​មិន​នាំ​គ្នា​សរសេ​រ សំណួរ​ទៅ?។ ចុះ​ស្រា​ ពេល​សរសេ​រ​សុរា មិន​​កែ​ ជើង​រ​ជា​ខ្យល់​អ​ទៅ​ជា​ សុរ៉ា​ទៅ?ចាំ​ទាល់​តែ​កំលាយ កិ. ទៅ​ជា​នាម​ រឺ?។ ចុះ​ត្រង់​សំណើ នេះ​ថា​សរសេរ សំណើ​ក៏​បាន សរសេរ​សម្នើ​ក៏​បាន លោក​មិន​ថា​ធ្វើ​អោយ​លោក​វង្វេង​ផងទៅ? (វង្េវង​បាត់​ទៅ​ហើយ​ដឹង​ ខ្ញុំ​ខំ​ថា​មិន​វង្វេង?)

    លោក​ថា អស់លោក​ខាង​ខេមរយានកម្ម​ធ្វើ​អោយ​កូន​ខ្មែរ​វង្វេង​វង្្វាន់ ធ្វើ​អោយ​រលាយ​បាត់​ក្បួន​វេយ្យាករណ៍ អញ្ចឹង​លោក​ថាទៅ​មើល​​ ដែល​ហៅ​ថា​ធ្វើ​មិន​អោយ​រលាយ​បាត់​ក្បួន​វេយ្យាករណ៍​ខ្មែរ​នោះ​ វា​យ៉ាង​​ម៉េច​ខ្លះ?អភិរក្ស​រឺ?​ចំលង​គេ​ទាំង​ដុល​រឺ​?

  13. ចំពោះ​ការ​បក​ប្រែ គេ​គោរព​តាម​វិធី​របស់​ពួក​គេ ។ បើពាក្យ​ខ្មែរ​មាន​គេ​ត្រូវ​តែ​បក​ប្រែ តែ​បើ​ពាក្យ​ខ្មែរ​មិន​មាន​គេ​សរសេរ​តាម​សូ​របស់​ពាក្យ​នោះ​វិញ។ ដូច​ជា​ពាក្យ Applet =អាប់ភ្លេត …
    តែ​បើ​លោក​រក​ឃើញ​ហើយ​កួរ​តែ​ដាក់​ស្មើ សុំ​ឲ្យ​ក្រុម​ខ្មែរ​អូអេស ពិចារណា​សាក​មើល​ក្រែង​បាន​ផល ។ អ្នក​ជាខ្មែរ​ត្រូវ​ជួយ​ខ្មែរ​ដូច្នេះ​ហើយ

  14. ពាក្យ​សំណួរ មិនមែន​សរសេរ សំនួរ​ទេ គេ​សរសេរ សំណួរ ។ សុរា គេ​សរសេរ សុរ៉ា ដូច្នេះ តែ​បើ​កាល​ណា​អក្សរ​ប្រកប​ខាងមុខ​ខ្យល់​អ គេ​មិន​​​សម្លាប់ រ ទៀត​ទេ ខ្យល់​វា​នឹង​ទៅ​ជា​ អ ដែរ ដូច្នេះ​គេ​សរសេរ សុរា ។ ហើយ​ពាក្យ​សំណើ គេ​មិន​សរសេរ សម្នើ ដូច្នេះ​ទេ ។

    ធ្វើ​យ៉ាង​ម៉េច​កុំ​ឲ្យ​បាត់​ក្បួន​វេយ្យាករណ៍ ? ពេល​បង្កើត​ពាក្យ​ថ្មី ត្រូវ​គោរព​តាម​ក្បួន​វេយ្យាករណ៍ និង​អក្ខរាវិរុទ្ធ​ឲ្យ​បាន​ត្រឹមត្រូវ ។

  15. អូ! គិត​ទៅ​បញ្ហា​នេះ​ពិត​ជា​ស្មុគ​ស្មាញ​មែន​ទែន ។ វា​បាន​ធ្វើ​ឲ្យ​ទាំង​អស់​គ្នា ប្រកែក​គ្នា​យក​មែន​ទែន​ហើយ។ ចំពោះ​គំនិត​ខ្ញុំ ខ្ញុំ​គិត​ថា​ពាក្យ​អ្វី​មួយ​ដែល​បាន​រក​ឃើញ​ថ្មីៗ​នោះ គឺ​មិន​ត្រូវ​បាន​អ្នក​ទាំង​អស់​គ្នា​ស្គាល់​បាន​ភ្លាមៗ​ទេ​។ ពាក្យថា​ Internet មុន​ដំបូង​ក៏ គ្មាន​នរណា​ម្នាក់​ស្គាល់​ដែរ។ តែ​ក្រោយមក យើង​ចេះ​តែ​នាំ​គ្នា​ហៅ​ថា Internet តមក ក៏​ក្លាយ​ពាក្យ​មួយ​ដែល​គេ​ស្គាល់ និង​និយាយ​គ្រប់គ្នា។ ដូច​គ្នា​នេះ​ដែរ ប្រសិន​បើ​យើង​ទម្លាប់​ហៅ​ថា អន្តរបណ្ដាញ នោះ គ្រប់​គ្នា​នឹង​បាន​ស្គាល់​ពាក្យ ហើយ​ចាត់​ទុក​ថា​ ពាក្យ​នេះ​ជា​ពាក្យ​របស់​ខ្មែរ​យើង។ បន្ទាប់​ អ្នក​ទាំង​អស់​គ្នា​ នឹង​នាំ​គ្នា​ហៅ​ថា អន្តរបណ្ដាញ​នេះ គ្រប់​ៗគ្នា​ជា​មិន​ខាន​ឡើយ​។

  16. លោក​បឿន លោក​ដឹង​ពី​ណា​ថា គេ​មិន​សរសេរថា ​សំនួរ។ អូ ប្រហែល​គេ​នាំ​គ្នា​លុប​ចេញ​ពី​វចនា​នុក្រម​ហើយ​ដឹង? ខ្ញុំ​ធ្លាប់​អាន​សៀវភៅវចនានុក្រម​ខ្មែរ ឆ្នាំ​៦០​ជាង ដល់​មើល​ក្នុងសូហ្វ​វែរ បាត់​ពាក្យ​សំនួរ​នេះ​មែន
    ប្រហែល​មិន​ទាន់​លុប​ពាក្យ​អំនួត​ទេ​មើល​ទៅ? តំនឿ មក​ពី​តឿ ក៏​ប្រហែល​ជា​នៅ​ដែរ។

    រី​ពាក្យ​សុរា លោក​ថា​មក​ពី​ទំនាញ​សូរ ដែល​គេ​មិន​ ដាក់ សុរ៉ា វា​ត្រឹម​ត្រូវ​ហើយ ចុះ​សំនើ មិន​ទំនាញ​សូរ​ផង? ម៉េច​ក៏​ត្រលប់​ទី​ជា​ ស្នើ ខ្យល់​អ ដល់​សំណើ​ខ្យល់ កែ​ ជើង​ន ជា​ខ្យល់ អ ដោយ​ដាក់ ណ ជំនួស​វិញ។ បាត់​ទំនាញ​សូរ​ទៅ​ណា​ហើយ? ជើង ន នៅ​ពី​ក្រោម ស ចេះ​មាន​ទំនាញ​សូរ អាន​ថា ស្ណើ ចុះ ពេល​ក្លាយ​ជា​សំណើ លែង​ចេះ​ទំនាញ​សូរ​ហើយ? សង្ស័យ​ករណី​លើក​លែង​ទៀត? នៅ​មាន​ច្រើន​ទៀត ស្ងាត់ ជា​សំងាត់ ឈរ ជា​ជំហរ។ល។
    ត្រង់​ចំនុច ព្យាង្គរាយ ព្យាង្គ​តំរួត​នេះ ក្បួន​សម្តេច​ជួន​ ណាត​ថា បើ​ពាក្យ​មេ​ប្រើ​ជើង ពាក្យ​កំលាយ​ប្រើ​ជើង​ដែរ ដូច​ជា​ ខ្ពស់ កម្ពស់ ស្រេច សម្រេច ។ល។ ដល់ ស្នើ ជា​សម្នើ មិន​បាន​វិញ?។ លោក​មិន​វង្វេង​ទេ? លោក​មក​វង្វេង​អី​នឹង​ពាក្យ កម្ពស់ សរសេរ​ជា​កំពស់ ដែល​របៀប​នេះ​គេ​អាច​សរសេរ​បាន​ដែរនោះ(សម្តេច​ជួន ណាត​មិន​ហ៊ាន​ថា ពាក្យ​កំពស់​នេះ​ខុស​ទេ!!)​

    លោក​ថា “​ពេល​បង្កើត​ពាក្យ​ថ្មី ត្រូវ​គោរព​តាម​ក្បួន​វេយ្យាករណ៍ និង​អក្ខរាវិរុទ្ធ​ឲ្យ​បាន​ត្រឹមត្រូវ ។”​ អាហ្នឹងខ្ញុំ​គាំ​ទ្រ។ លោក​ច្បាស់ហើយ ថា​សរសេរ​ថា សំណើ់​បែប​នេះ​រក្សា​ក្បួន​ខ្មែរ​ពី​បុរាណ​នោះ។ បើ​ចង់​ដឹង​ច្បាស់ លោក​អញ្ជើញ​ទៅ​អាន​ក្នង​អារម្ភ​កថា វចនានុក្រម​អក្ខរាវិរុទ្ធ​មើល​ដឹង​ហើយ (ថា​គេ​មាន​បំនង​លុប​ក្បួន​ណា​ខ្លះ​ចោល ???)។
    តែ​ត្រង់​លោក​ថា ន៉ ដូរ​ជា​ ណ នេះ លោក​ច្បាស់​ថា​ក្បួន​ពី​បុរាណមក​រី​ក៏​ក្បួន​ថ្មី​នៅ​សវទី​២០​នេះ​ទេ?
    លោក​មាន​ដែល​ឆ្ងល់​ហេតុ​អី ដ ឋ ឌ ឍ ណ។ ត ថ ទ​ ធ ន។ ម៉េច​ក៏ ណ និង ន មិន​នៅ​ជួរ​ដេក​ជា​មួយ​គ្នា ដូច ក និង គ ? លោក​ជំនួស ន៉ ដោយ ណ ប្រៀប​ដូច​ជំនួស​ ធ៉ ដោយ ឋ អញ្ចឹង។

    លោក​ថា​អស់​លោក​ខាង​ខេមរយានកម្ម​ធ្វើ​អោយ​ខ្មែរ​សរសេរ​ខុស ច្រើន​រាប់​មិន​អស់? អ្វី​ទៅ​ដែល​លោក​ យក​មក​បែង​ចែក​រវាង​ខុស​និង​ត្រូវ ? ឧទាហរណ៍?។

  17. ពិសិដ្ឋ
    ល្អ​ហើយ​ដែល​ប្អូន​មាន​គំនិត​បង្កើត​ពាក្យ​ខ្មែរ​នោះ។ ពាក្យ​ខ្លះ​ឆ្គង​ពី​ដំបូង ប្រើ​យូរ​ទៅ​ពិរោះ​ម្យ៉ាង​ដែរ ដូច Interaction ប្រែ​ជា​អន្តរកម្ម​ ម្យ៉ាង​ដែរ។ តែ​បើ​យើង​និយាយ​ថា internet ចំនេញ​ម្យ៉ាង​ត្រង់ ពេល​មើល​សៀវភៅ​ភាសា​គេ​ឆាប់​យល់។ មិន​បាច់​ប្រឹង​គិត internet ស្អី​គេ។
    តាម​បទ​ពិសោធន៍​របស់​ខ្ញុំ សៀវភៅ​បច្េចក​ទេស​បក​ប្រែ​ខ្មែរ អាន​ពិបាក​យល់​ជា​ង​អាន​ជា​ភាសា​គេ​ទៅ​ទៀត។ មក​ពី​ទំលាប់​ផង​ក៏​មិន​ដឹង មក​ពី​អ្នក​បក​ប្រែ​អន់​ក៏​មិន​ដឹង។

    គំនិតមួយ​តែ​ង​នៅ​ជាប់​ក្នុង​ចិត្ត​ខ្ំ​ជានិច្ច ” បើ​បក​ប្រែ​ជា​ខ្មែរ​មក​ពិបាក​និយាយ ពិបាក​អាន ពិបាក​សរសេ​រ សូវ​ប្រើ​ពាក្យ​គេ​សរសេរ​ជា​ខ្មែរ​វិញ​ល្អ​ជាង”។

  18. លោក​វិចិត្រ ប្រហែល​ជា​ភ្លេច​វិធី​កម្លាយ​ផ្នត់​ជែក​ហើយ​ក៏​មិន​ដឹង ។

    គេ​​ប្រើ​វិធី​កម្លាយ​តាម​ផ្នត់ |-អ’ម/ណ-|, |-អ’ម/ន-|, |-អ៊’ម/ន-| …. ។ល។

    |-អ’ម/ណ-|
    កែ > កំណែ
    កៀស > កំណៀស
    កេះ > កំណេះ
    កែន > កំណែន
    កើត > កំណើត
    កើន > កំណើន
    កាច់ > កំណាច់
    កល់ > កំណល់
    ……………….
    ចង់ > ចំណង់
    ចង់ > ចំណង
    ចត > ចំណត
    ចាយ > ចំណាយ
    ចារ > ចំណារ
    ………………
    ដាំ > ដំណាំ
    ដូច > ដំណូច
    ដោះ > ដំណោះ
    ដក់ > ដំណក់
    ……………….
    តែង > ដំណែង
    តម > តំណម
    ត > តំណ
    …………………
    សង់ > សំណង់
    សួរ > សំណួរ
    សក > សំណក
    សូក > សំណូក
    សឹក > សំណឹក
    សើច > សំណើច
    ……………..
    អាន > អំណាន
    អាច > អំណាច
    អរ > អំណរ

    |-អ’ម/ន-| មាន​មិន​ច្រើន​ពាក្យ​ទេ
    តឿន > តំនឿន
    អួត > អំនួត

    |-អ៊’ម/ន-|
    គួប > គំនួប
    គុំ > គំនុំ
    គិត > គំនិត
    គួរ > គំនួរ
    ………………..
    ជិះ > ជំនិះ
    ជីក > ជំនីក
    ជន់ > ជំនន់
    ជួញ > ជំនួញ
    ………………
    ទាក់ > ទំនាក់
    ទប់ > ទំនប់
    ទុក > ទំនុក
    ………………
    ពូត > ពំនូត
    ពោល > ពំនោល
    ពឹង > ពំនឹង
    ពិត > ពំនិត

    ឧទាហរណ៍​ខាងលើ មាន​គ្រប់​អក្សរ​អស់​ហើយ ។ មើល​ទៅ​ប្រហែល​ជា​មិន​ពិបាក​ចំណាំ​ ថា​ត្រូវ​សរសេរ ន ឬ ណ ទេ​មែនទេ ?

  19. ក្បួនលោក​បឿន​ឯង​រៀប​រាប់​នេះ កើត​តាំង​ពី​សម័យ​ណា​មក?
    ទើប​កើត​នៅ​សវទី​២០​នេះ​ដឹង?​
    ដែល​គេ​ប្រកែក​គ្នា​ ថា​ ន រឺណ​នេះ​មិន​មែន​ប្រកែក​ដោយ​ផ្អែក​លើ​ក្បួន​លោក​ឯង​និយាយ​នេះ​ទេ។ គឺ​គេ​ប្រកែក​គ្នា​ត្រង់​ក្បួនលោក​បឿន​ឯង​និយាយ​ ​ហ្នឹង​វា​ត្រូវ​រឺ​ខុស​ប៉ុណ្ណោះ វា​រក្សា​វេយ្យាករណ៍​ខ្មែរ​ពី​បុរាណ​រឺ​អត់?
    ហើយ​បើ​លោក​បឿន​ឯង​នៅ​តែ​និយាយ​ថា​ “បើ​តាម​ក្បួន​លោក​បឿន​ឯង​និយាយ….” អាហ្នឹង​វា​ច្បាស់​ជា​លោក​បឿន​ឯង​ត្រូវ​100ភាគ​រយ​ហើយ។
    ចុះ​បើ​ខ្ញុំ​ថា​ វិធី​កំលាយ​តាម​ក្បួន​ខ្មែរ​គឺ អំ ន វិញ ដូច​ជា សូក សំនូក ស្នើ សំនើ តឿ តំនឿ អួត អំនួត អាង អំនាង ចុច​ ចំនុច ស្នាក់ សម្នាក់ សំនាក់។ល។ អញ្ចឹង​វា​ត្រលប់​ទៅ​ជា​អ្វីៗ ដែល​លោក​បឿន​ឯង​និយាយ​ខុស​ស្ទើរ​តែ​១០០​ភាគ​រយ​វិញ លើក​លែង​តែ​ត្រង់ តឿ តំនឿ អួត អំនួត ដែល​នៅ​ដូច​គ្នា។
    ត្រង់ពាក្យ សួរ ជា​សំណួរ​រឺ​សំនួរ នេះ បើ​គេ​ចេះ​ខ្មែរ គេ​ដឹង​ថា សំណួរ​នេះ គឺ​គេ​កែ​ពី​សំនួរ​មក​ទេ(សូម​អាន​ការ​ពន្យល់​ក្នុង​វចនានុក្រម​ខ្មែរ)។
    ពាក្យ​ខ្លះ​ទៀត ស្នាក់ សម្នាក់ ​​សំណាក់។ ត្រង់ សម្នាក់ ម៉េច​ក៏មិន​អំ ណ ជា​សម្ណាក់? (អាហ្នឹង​លោក​បឿន​នឹង​និយាយ​ទៀតថា តាម​ក្បួន កាលណា​ជើង ណ ត្រូវ​ដាក់​ជា​ជើង ន​វិញ​ដឹង?)​

  20. អញ្ចឹង​អ្វី​ដែល​គេ​ប្រកែក​គ្នា​ពី​មុន​មក​នោះ គឺ ក្បួន​កំលាយ ត្រង់ ន/ណ​
    ១) មាន​តែ អំ -ន មួយ​ប៉ុណ្ណោះ
    ២) មាន​ អំ ណ; និង អំ ន ។
    លោក​បឿន​ឯង​ប្រកាន់​ក្បួន​ទី​២ ខាង​ខេមរយានកម្ម​ប្រកាន់​ក្បួន​ទី​១។
    តើ​ក្បួន​ទី​១ រឺ​ក្បួន​ទី​២ ដែល​ត្រឹម​ត្រូវ រឺ​រក្សា​គោលការណ៍​អក្សរ​ខ្មែរ​ពី​បុរាណ ?ត្រង់​ហ្នឹង​ហើយ​ដែល​គេ​ប្រកែក​គ្នា។

  21. ត្រូវ​ហើយ ប្រហែល​ជា​វេយ្យាករណ៍​ខ្មែរ​កើត​នៅ​អំឡុង​សតវត្ស​ទី​២០​មែន ព្រោះ​ពី​មុន​មក ខ្មែរ​គ្មាន​វេយ្យាករណ៍​ច្បាស់លាស់​ទេ ។ ខ្ញុំ​យល់​ថា ការបង្កើត ក៏​មិន​មែន​ចេះ​តែ​បង្កើត​ដោយ​គ្មាន​អំណះអំណាង​ ឬ ហេតុ​ផល​ច្បាស់លាស់​នោះ​ទេ តែ​ការ​យល់​ឃើញ​ថា គួរ​ប្រើ ន ជំនួស ណ នោះ គ្រាន់តែ​ជា​ការ​យល់​ឃើញ​តាម​ទំនង ។ ខ្ញុំ​ថា លោក​ប្រើ​តាម​អ្វី​ដែល​លោក​យល់​ឃើញ​ចុះ ខ្ញុំ​ប្រើ​តាម​ច្បាប់ក្បួន​ដែល​កំពុង​មាន និង​ទទួល​ស្គាល់​ដោយ​ក្រសួង​អប់រំ ។

  22. ហើយ​បើ​លោក​បឿន​ឯង​មិន​ច្បាស់​ថា​យ៉ាង​ម៉េច​ផង ម៉េច​ក៏​ហ៊ាន​រិះគន់​គេ​ថា​គេធ្វើ​ហ្នឹង​ខុស?។
    វា​ត្រឹម​ត្រូវ​ណាស់​ដែល​ពលរដ្ឋ​ស្រុក​មួយ​គួរ​គោរព​ច្បាប់​ស្រុក​ទេស​របស់​ខ្លួន។ រី​ឯ​អក្សរ​សាស្ត្រ​ក៏​បែប​នោះដែរ ។ ច្បាប់​ថា​អោយ​សរសេរ​ ណ គឺ​គួរ​តែ​សរសេរ​ណ ហើយ។ ប្រៀប​ដូច​តំលៃ​សាំង​ដែរ បើ​គេ​លក់ 4800 រៀល​ត្រូវ​តែ​ទិញ 4800 រៀល​មិន​អាច​ប្រកែក​បាន​ទេ ទោះ​ពេញចិត្ត​មិន​ពេញ​ចិត្ត​ក្តី។
    តែ​ខ្ញុំ​សរសេរ​ ន គឺ​ជា​ទស្សនៈ​របស់​ខ្ញុំ ខ្ញុំ​មិនបាន​​បង្គាប់ បញ្ជា​អោយ​នរណា​ធ្វើ​តាម​ខ្ញុំ​ទេ។
    ដែល​លោក​យល់​ឃើញ​ថា “គួរ​ប្រើ ន ជំនួស ណ នោះ គ្រាន់តែ​ជា​ការ​យល់​ឃើញ​តាម​ទំនង។ ប្រើ​ណ មាន​អំនះអំនាង​ច្បាស់លាស់​ជាង” ​នោះ ច្បាស់​ជាង​ត្រង់​ណា​ខ្លះ? លោក​អាច​បញ្ជាក់​បាន​ខ្លះ​ទេ?។

  23. ខ្ញុំ​មិន​ចេះ​ដល់​អាច​ពន្យល់​លោក​ពី​អក្សរ ន ឬ ណ នេះ​ទេ តែ​អ្វី​ដែល​ខ្ញុំ​ថា​ខុស គឺ​វា​ខុស​នឹង​ក្បួន​វេយ្យាករណ៍ និង​ អក្ខរាវិរុទ្ធ​ដែល​មាន​នៅ​វចនានុក្រម សម្ដេច ជួន ណាត ដែល​ក្រសួង​បាន​យក​ជា​គោល​ក្នុង​ការសេរសេរ​អក្ខរាវិរុទ្ធ ។

  24. និយាយ​ទៅ​និយាយ​ម៉ោ​ ហេតុផល​លោកបឿន​​បានត្រឹម​តែ​សរសេរ​តាម​ក្បួន​សម្តេច​ជួន​ណាត​ប៉ុណ្ណោះ។ អញ្ចឹង​ម៉េច​ក៏​លោក​ហ៊ាន​រិះ​គន់​ថា​ពួក​ខេមរយានកម្ម​ធ្វើ​អោយ​ខ្មែរ​ សរសេរ​អក្សរ​ខុស?​
    អញ្ចឹង​អ្វី​ដែល​លោក​បឿន​ឯង​ចាត់​ទុក​ថា​កែ​អក្សរ​សាស្ត្រ​ខ្មែរ​នោះ គឺ​កែ​វចនានុក្រម​សម្តេច​ជួន​ ណាត អញ្ចឹង​រឺ?(សូម្បី​តែ​សម្តេច​ជួន​ ណាត​ក៏​គាត់​កែ​វចនានុក្រ​នេះ​ខ្លួន​ដែរ)។
    ទស្សនៈ​លោក​ដែល​គិត​ថា​ខ្មែរ​សរសេរ​អត់​ក្បួន​អត់​ខ្នាត​ពី​បុរាណ​មក មុន​មាន​វចនានុក្រម​នោះ អាហ្នឹង​ខ្ញុំ​ដូច​ជា​ទទួល​មិន​បាន​សោះ។
    ចំនុច​ទទួល​មិន​បាន​មួយ​ទៀត​នោះ គឺ​លោក​ថា​ខ្មែរូបនីយកម្ម​ធ្វើ​អោយ​ខ្មែរ​បាត់​អត្តសញ្ញាណ​ខ្លួន។ ទស្សនៈ​នេះ​ដូច​ជា​ទទួល​មិន​បាន​សោះ។

  25. Internet ជាខ្មែរថា អន្តរបណ្តាញ នឹង ក៏ល្អម្យ៉ាងដែរ ព្រោះធ្វើឲ្យយើងសម្បូរពាក្យនៅក្នុង ភាសាខែ្មរ តែដំបូងៗពិបានទទួលបន្តិចហើយ ដូចជាឆ្គង តែរៀនហៅយូរៗទៅ គេស្គាល់ទាំងអស់គ្នានឹងឯង ពាក្យនេះធ្លាប់ឮគេនិយាដែរ ។ តែបើខ្ញុំវិញ តែងនឹកក្នុងចិត្តថា ទូរបណ្តាញ យូរមកហើយ ។

  26. ចង់និយាយថា យកសេចក្តីជាខ្មែរ ដូចជា ទូរស័ព្ទ ទូរលេខ ទូរទស្សន៍ ដោយ Internent (ICT) an international computer network that allows users all over the world to communicate and exchange information តាមន័យនេះ អន្តរបណ្តាញ មិនសូវស៊ីគ្នាទេ ព្រោះបើវិភាគពាក្យ អន្តរបណ្តាញ គឺបណ្តាញចន្លោះប្រហោងទៅវិញ ព្រោះអន្តរ នេះន័យ ចន្លោះ កាលណាភ្ជាប់នឹង ពាក្យដទៃដូច អន្តរកប្ប អន្តរាបត្តិ អន្តរាត្មា(ក្នុងចិត្ត​ ក្នុងខ្លួន) ន័យរបស់ពាក្យវាចង្អៀតមិនសូវសាកលសោះ… តែបើភ្ជាប់នឹងពាក្យហេតុ​ឬការណ៍ នឹង ឃើញថា មិនសូវស៊ីសេចក្តី ថាចន្លោះទេ ដូច អន្តរការណ៍ អន្តរហរតុ… ឯទូរៈ ន័យច្បាស់ថា ឆ្ងាយ ពីចម្ងាយ ទោះយកទៅភ្ជាប់នឹងពាក្យឯទៀតក៏ដោយ នេះគ្រាន់តែតែការគិតរបស់ខ្ញុំទេ តែខ្ញុំធ្លាប់ឮ គេប្រើ អន្តរបណ្តាញ​មកហើយ វាមិនសំខាន់ត្រង់ ចំពាក្យឬ មិនចំពាកទេ ឲ្យតែល្មមមានន័យស្តាប់បាន យើងឯកភាពគ្នាប្រើទៅ ព្រោះវាមិនមែនជាពាក្យភាសាយើង ។

    1. ចុះ អន្តរជាតិ មានន័យសេចក្តីយ៉ាងដូចម្តេចវិញ ។ បើតាមដឹងពាក្យ អន្តរជាតិ នេះខ្មែរបកពីភាសាបារាំង-អង់គ្លេស international = inter+national > អន្តរ+ជាតិ=អន្តរជាតិ ដែល ” អន្តរ” យោងតាមវចនានុក្រមសម្តេចជួនណាតមានន័យថា ចន្លោះ, រវាង; ដទៃ; រយៈ ដូច្នេះអន្តរជាតិមានន័យថា ជាតិដទៃ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s