តារាចម្រៀងអាមេរិកដ៏ល្បីល្បាញម្នាក់ ដែលត្រូវបានគេស្គាល់គ្រប់ៗគ្នា តាមរយៈបទចម្រៀងដំបូងរបស់គាត់ ដែលមានចំណងជើងថា Beautiful Girl នឹងមកសម្ដែងនៅប្រទេសកម្ពុជា នាឆ្នាំ២០០៩ខាងមុខនេះហើយ។ គាត់មានឈ្មោះថា Sean Kingston។ គាត់នឹងមកបង្ហាញខ្លួន និងសម្ដែងជាលើកដំបូងនៅប្រទេសកម្ពុជា នាថ្ងៃសុក្រ ទី០៦ ខែកុម្ភៈ ឆ្នាំ ២០០៩ នៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិជ នាទីក្រុង ភ្នំពេញ។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយបណ្ដាញទូរទស្សន៍កម្ពុជា ស៊ី ធី អិន ដែលជាស្ថានីយទូរទស្សន៍នាំមុខគេ នៅកម្ពុជា។ តារាចម្រៀងSean Kingston នឹងពាំនាំមកនូវបទចម្រៀងល្បីៗ របស់គាត់យកមកសម្ដែងនាពេលនោះ។ ចំពោះព័ត៌មាន អំពីតម្លៃសំបុត្រ ខាងអ្នករៀបចំកម្មវិធី នឹងប្រកាសក្នុងរយៈពេលពីរ បីសប្តាហ៍ខាងមុខនេះ។ មានព័ត៌មានមួយបន្ថែមទៀតថា កម្មវិធីនឹងពុំមានចាក់ផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ទេ។
នេះជាកិត្តិយសមែន ដែលតារាចម្រៀងដ៏ល្បីនៅលើពិភពលោក មកសម្ដែងក្នុងប្រទេសកម្ពុជា។ ខ្ញុំក៏ចង់ទស្សនានឹងគេដែរ តែដល់ឮថា ពុំមានចាក់ផ្សាយតាមទូរទស្សន៍ ធ្វើឲ្យខ្ញុំខកចិត្ត មែនទែន។ តើអ្នកទាំងអស់គ្នា គិតដូចខ្ញុំទេ?
វាចាថ្មីៗ