មានសិស្សម្នាក់ បានទទួលបញ្ជាពីលោកនាយក ឲ្យមកប្រាប់ប្រធានថ្នាក់មួយ អំពីព័ត៌មានខ្លះ ដែលគាត់បានទទួលពីខាងក្រុមប្រឹក្សាយុវជន។ យុវសិស្សនោះ ក៏បានដើរឆ្ពោះទៅថ្នាក់ ដែលលោកនាយកបានប្រាប់។ នៅក្នុងថ្នាក់នោះ មានសភាពស្ងប់ស្ងាត់ ហើយលោកគ្រូកំពុងអង្គុយនៅតុរបស់គាត់។ យុវសិស្សយើង ក៏បានដើរចូលទៅយ៉ាងសុភាពរាបសា។ ឃើញដូចនោះ លោកគ្រូក៏សួរទៅសិស្សមិនស្គាល់នោះ ដោយសម្ដីសោះកក្រោះ៖
យុវសិស្ស ក៏ឆ្លើយ ទៅវិញដោយពាក្យសម្ដីគួរសម និងទឹកមុខញញឹម៖
- អត់ទោសលោកគ្រូ! ខ្ញុំមានការចង់និយាយជាមួយប្រធានថ្នាក់បន្តិច។
លោកគ្រូ ក៏សម្លឹងមើលសិស្សម្នាក់នោះ ពីចុងជើង ដល់ចុងសក់ ហើយសួរដោយសម្ដីសោះកក្រោះដដែលថា ៖
- រួច មកពីខាងណាដែរ? មានការអីចង់ជួបប្រធានថ្នាក់?
សិស្សនោះក៏ឆ្លើយ ដោយទឹកមុខញញឹមដដែល ថា៖
- បាទ! ខ្ញុំ បានទទួលបញ្ជាពីលោកនាយក មកប្រាប់ប្រធានថ្នាក់នេះ ពីព័ត៌មានដែលគាត់ទទួលបានពីក្រុមប្រឹក្សាយុវជន។
លោកគ្រូ ក៏តបទៅវិញដោយសម្ដី គំរោះគំរើយបន្តិច ហើយប្រកាន់ទឹកមុខមាំ ថា៖
- រួច មានសំបុត្រស្នាមអីទេ? ក្រដាសបញ្ជាក់ពីលោកនាយក អី មានទេ?
សិស្សនោះ មើលទៅដូចជាភ័យបន្តិច តែនៅតែតបដោយទឹកមុខញញឹមដដែលថា៖
- បាទ លោកគ្រូ! គ្មានទេ! តែគាត់បានផ្ដាំ ខ្ញុំ ឲ្យមកប្រាប់ប្រធានថ្នាក់នេះ។
លោកគ្រូនោះ ក៏សើចបន្តិច ហើយតបទៅវិញ របៀបបញ្ឆិតបញ្ឆៀង៖
- តិចលោ សិស្សបន្លំមកពីក្រៅទេអ្ហី!!! លោកនាយកគួរតែមកដោយខ្លួនឯង! ចាត់សិស្សអត់មានសំបុត្រស្នាមអីត្រឹមត្រូវ! ខ្លាចសិស្សមកបន្លំខ្លួនអ្ហីទៅ! ទៅ ទៅសុំសំបុត្រស្នាមអី ត្រឹមត្រូវ ឬ ក៏ចាំចេញលេង ចាំមកម្ដងទៀត! ទៅ!
មើលទៅសិស្សនោះ ដូចជាធ្លាក់ទឹកមុខបន្តិច ហើយតបមួយម៉ាត់វិញ ទៅលោកគ្រូថា « បាទ! » ហើយដើរចេញទៅដោយក្ដីអាម៉ាសយ៉ាងខ្លាំង។
តាមខ្ញុំគិតទៅ មិនមែនលោកគ្រូនោះ មិនដឹងថា សិស្សនោះមកមានការពិតប្រាកដទេ ប៉ុន្តែ គាត់ដូចជាប្រកាន់ថា ខ្លួនឯងហ្នឹង ជាអ្នកគោរពច្បាប់ត្រឹមត្រូវ ឬក៏ចាត់ទុកខ្លួនឯងដូចជាអ្នកធំអញ្ចឹង។ ចុះអ្នកទាំងអស់គ្នា គិតថាអំពើរបស់លោកគ្រូម្នាក់នេះ ជាកំហុសឆ្គងមួយ ឬអត់? ឬក៏នេះ ជាកំហុសមួយរបស់សិស្សម្នាក់នោះដែរ?
វាចាថ្មីៗ