jump to navigation

តើ​អ្នក​ចូលចិត្ត​ការ​និយាយ​ទូរស័ព្ទទេ? ខែ សីហា 1, 2009

Posted by ពិសិដ្ឋ in គំនិតខ្ញុំ, បទពិសោធន៍ខ្លីៗ.
5 comments

យើង​ឃើញ​សព្វ​ថ្ងៃនេះ ប្រព័ន្ធ​ទូរស័ព្ទ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​ព្រោង​ព្រាត ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ទូទាំង​ប្រទេស ពិបាក​នឹង​សម្រេច​ចិត្ត​ត្រូវ​ប្រើ​ប្រាស់​ប្រព័ន្ធ​មួយណា។ ទន្ធឹម​នឹង​ការ​លេច​ចេញ​នូវ​រូប​រាង​រប​ស់​ខ្លួន នៅ​ប្រទេស​កម្ពុជា​ ក្រុម​ហ៊ុន​​បាន​ផ្សព្វ​ផ្សាយ នឹង​ផ្ដល់​ជា​ការ​បញ្ចុះ​តម្លៃ​ពិសេស ក្នុង​សេវាកម្ម​របស់​ខ្លួន​។ ក្នុង​នោះ​ យើង​ឃើញ​ថា ការ​ផ្សាយ​ពាណិជ្ជកម្ម​មួយ​របស់​ក្រុមហ៊ុន Mfone បាន​ធ្វើ​ឲ្យ​ប្រជាជន​មួយចំនួន ក៏​ដូច​ជា ឯកឧត្ដម​ ខៀវ កាញ៉ារីទ្ធ បាន​រិះ​គន់​ថា ការ​ផ្សាយ​របស់​គេ បាន​ធ្វើ​ក្មេងៗ ជាពិសេស​សិស្ស​ និស្សិត​ខ្មែរ ពុំ​គិត​ពី​ការ​សិក្សា គិត​តែ​ពី​និយាយ​ទូរស័ព្ទ។ ក្នុង​នោះ​មាន​ក្រុម​ហ៊ុន​មួយ​ទៀត ដែល​គួរ​ការ​ចាប់​អារម្មណ៍​គួរ​សម​ដែរនោះ គឺ​ក្រុម​ហ៊ុន Smart Mobile ។ ក្រុមហ៊ុន បាន​ធ្វើ​ Promotion ដោយ​គ្រាន់​តែ​ចំណាយ​តែ ១០ សេន ក្នុង​មួយ​ថ្ងៃ​ អាច​និយាយ​បាន​តាម​ចិត្ត​។ (ច្រើនទៀត…)

អ្នក​ណា​ថា ខ្លួន​ឯង​មាន​មនសិការ​ជាតិ? ខែ កក្កដា 18, 2009

Posted by ពិសិដ្ឋ in គំនិតខ្ញុំ, ចំណេះដឹង, បទពិសោធន៍ខ្លីៗ.
Tags:
6 comments

គ្រប់​គ្នា​ ទាំង​ខ្ញុំ​ ទាំង​គេ នៅ​ពេល​ដែល​មាន​អ្នក​ណា​ម្នាក់​សួរ​ថា «តើ​អ្នក​មាន​មនសិការ​ជាតិ​ទេ?»​ ពួក​យើង​ប្រាកដ​ជា​ឆ្លើយ​យ៉ាង​លឿន​ថា «បាទ! ត្រូវ​ហើយ ខ្ញុំ​មាន​មនសិការ​ជាតិ​។»  បើ​យើង​វិភាគ​ឲ្យ​ច្បាស់​លាស់​ទៅ យើង​រាល់​ថ្ងៃ​ គ្មាន​នរណា​មួយ​ដែល​មាន​មនសិការ​ជាតិ​នោះ​ទេ​។ ប្រសិន​បើ​មាន​អ្នក​ណា អួត​ថា​ខ្លួន​ឯង​មាន​មនសិការ​ជាតិ តោះ! ហៅ​គេ​មក​ជួប​ខ្ញុំ​បន្តិច ហើយ​ខ្ញុំ​សូម​សួរ​តែ​ប៉ុន្មាន​សំណួរ​ទេ​ (ច្រើនទៀត…)

ហេតុអ្វីបានជាប្រជាជនខ្មែរ មិនចូលចិត្តអានសៀវភៅ? ខែ មីនា 24, 2009

Posted by ពិសិដ្ឋ in គំនិតខ្ញុំ, ចំណេះដឹង, បទពិសោធន៍ខ្លីៗ.
3 comments

សៀវភៅ ត្រូវបានគេចាត់ទុកជាប្រភពចំណេះដឹង ដ៏មានប្រយោជន៍មួយ ដែលគ្រប់គ្នាចូលចិត្តអានជារៀងរាល់ថ្ងៃ។ សៀវភៅ គឺ ជាឃ្លាំងមួយ ដែលប្រមូលផ្ដុំទៅដោយកម្មវិធីអប់រំ ព្រមទាំងឯកសារគ្រប់ប្រភេទ គ្រប់ជំនាន់ និងគ្រប់សម័យ។ ហេតុនេះ ទើបអ្នកសិក្សា អ្នកបង្រៀន អ្នកអាន បានចាត់ទុកសៀវភៅ ដូចជាពន្លឺមួយ សំរាប់បំភ្លឺពួកគេ ទៅរកអក្ខរភាព និង ឧត្ដមភាព។
មិន​ថា នៅប្រទេសអភិវឌ្ឍ ឬ ប្រទេស​កំពុង​អភិវឌ្ឍ សៀវភៅ ជា​មុខ​ព្រួញ​សំខាន់​មួយ សំរាប់​អ្នកសិក្សា ស្រាវជ្រាវ​គ្រប់ៗគ្នា។ នៅប្រទេសអភិវឌ្ឍ សៀវភៅ ត្រូវបានគេ យកចិត្តទុកដាក់យ៉ាងខ្លាំង ប៉ុន្តែ នៅតាមប្រទេសកំពុងអភិវឌ្ឍខ្លះ សៀវភៅ ពុំត្រូវបាន គេយកចិត្ត ទុក​ដាក់​ឡើយ។ ជាក់ស្ដែង នៅក្នុងប្រទេសកម្ពុជា យើងបច្ចុប្បន្ន កំរិតអ្នកដែលចូលចិត្តអាន  នៅទាប នៅ ឡើយ។ ក្នុងចំណោមមនុស្ស​១០០នាក់ អ្នក​ដែល​ចូលចិត្ត​អាន​សៀវភៅ  មានមិនដល់១០នាក់ផង។ ប្រជាជន​កម្ពុជា បានចាត់ទុកសៀវភៅ ដូចជារបស់សមញ្ញមួយដែរ ដែលពួកគេពុំបានគិតដល់ពីផលប្រយោជន៍របស់វា។
ការពិតទៅ មូលហេតុដែលធ្វើឲ្យប្រជាជនខ្មែរគិតដូច្នេះ មានច្រើនកត្តាណាស់។ បើនិយាយនៅតាមទីជនបទដាច់ស្រយាល សៀវភៅ ស្ទើរតែគ្មានអ្នកទិញ អ្នកលក់ និងអ្នកអានទៅហើយ។ ប្រជាជនភាគច្រើន មានជីវភាពក្រីក្រ ពួកគាត់ ត្រូវធ្វើការប្រកបរបររកស៊ី ដើម្បីចិញ្ចឹមគ្រួសារ។ ហេតុនេះ ទើបពួកគាត់ថា ការអានសៀវភៅ ធ្វើឲ្យគាត់ខាតពេលវេលា ខាតលុយកាក់ក្នុងគ្រួសារ។ មិនត្រឹមតែប៉ុណ្ណោះ អនក្ខរភាពក៏ជាមូលហេតុចំបងដែរ។ ប្រជាជនតាមជនបទ ភាគច្រើនរៀនពុំបានចប់ចុង ចប់ដើមទេ ហើយដោយសារតែប្រទេសយើង ទើបតែងើបពីសង្គ្រាមជាងពីរទសវត្ស ទើបធ្វើឲ្យចំនួនអនក្ខរជន ស្ថិតក្នុងកំរិត ខ្ពស់នៅឡើយ។ បើនិយាយចំពោះ យុវជន សិស្សានុសិស្សវិញ ក៏មិនខុសពី ប្រជាជន​ ទូទៅដែរ។ នៅសាលាពួកគេពុំត្រូវបានទទួលការណែនាំ ឲ្យ​បាន​ជ្រាល​ជ្រៅ អំពីការអានសៀវភៅឡើយ។ ពេលក្រៅពីរៀន ពួក​គេគ្មានពេល​ទំនេរ​ទេ ព្រោះពួកគេត្រូវជួយឪពុកម្ដាយ ក្នុងការ​ប្រកប​របរ​កសិកម្ម ឬ របររកស៊ីផ្សេងៗ។ សរុបមក តំលៃរបស់សៀវភៅ ត្រូវបានគេលុបបំបាត់ ស្ទើរទាំងស្រុង​នៅតាមទី​ជនបទ​។
ងាក​មករកទីក្រុងវិញ ទោះបីជានៅទីក្រុង មានបង្កើតជាបណ្ណាល័យផ្សេងៗ ឬ​បណ្ណាគារ និងកន្លែងលក់សៀវភៅ ក៏ដោយ ក៏នៅមានប្រជាជនខ្លះ ពុំបាន​គិត​ដល់ បញ្ហាអានសៀវភៅដែរ។ ប្រជាជននៅក្នុងទីក្រុងខ្លះ ក៏មិនខុសពី ប្រជាជន​នៅតាមជនបទដែរ គឺត្រូវចេញទៅធ្វើការរកស៊ីចិញ្ចឹមជីវិត ដោយគ្មានពេលសំរាក ដោយសារ​តែជីវភាពអន់ថយ នាំឲ្យ គាត់មិនអាច នឹងមានពេលមក អាន​សៀវភៅ​បាន ហើយគិតថា ការអានសៀវភៅធ្វើឲ្យគាត់ខាតបង់ច្រើនណាស់។ ចំពោះ​សិស្សានុសិស្ស​វិញ គឺនៅតែមានសិស្សមួយចំនួនធំ មិនរវីរវល់​នឹងការអាន​សៀវភៅ​​នេះ ទាល់តែសោះ។ ដោយសារតែការធូររលុងលើផ្នែកអប់រំ និង ការ​ភ្លើតភ្លើន​របស់យុវជនយើង នៅក្នុងទីក្រុង ធ្វើឲ្យពួកគេគិតថា ការអានសៀវភៅ ជាសកម្មភាពមួយគួរឲ្យធន់ទ្រាន់ និងគ្មានប្រយោជន៍អ្វីសោះសំរាប់ពួកគេ។ អ្នកដែលចូលចិត្តអានសៀវភៅ​នៅ​ទីក្រុង​ភាគច្រើន ជាអ្នក​មានជីវភាព​ធូរធារ មានការ​ធ្វើធំដុំ ដែលអាច​ធ្វើឲ្យ​ពួកគេ​មាន​លទ្ធភាព​រកទិញសៀវភៅ និងមាន​ពេល​គ្រប់​គ្រាន់ សំរាប់អានវា។
និយាយ​រួមមក មានប្រជាជនកម្ពុជាយើង ច្រើនណាស់ ដែលពុំទាន់បានយល់ពីសារ​ប្រយោជន៍​នៃការអានសៀវភៅ។ មូលហេតុ​ចំបងនោះ គឺ បណ្ដាលមកពីប្រទេសយើង ជាប្រទេសកំពុងអភិវឌ្ឍ ប្រជាជនក្រីក្រ និង​អនក្ខរជន នៅមានចំនួនច្រើននៅឡើយ។ នៅថ្ងៃអនាគត សង្ឃឹមថា ប្រជាជនកម្ពុជា នឹងយល់ជ្រាបច្បាស់ពី ការអានសៀវភៅ ហើយ​និង ធ្វើឲ្យការអានសៀវភៅ ក្លាយ​ទៅ​ជា​ទំលាប់មួយរបស់ពួកគាត់ ដូចពាក្យឃ្លា ដែលនិយាយថា « ឃ្លានអានសៀវភៅ ដូចឃ្លានញ៉ាំបាយ » ។ ហើយប្រសិន បើយើងអនុវត្តបានដូច្នេះគ្រប់ៗគ្នាហើយ ប្រទេសយើង នឹងសំបូរទៅដោយ អ្នកមានចំណេះដឹង បញ្ញវន្ត ដែលអាចក្លាយជាសសរគ្រឹះ សំរាប់អភិវឌ្ឍ ប្រទេស​ទៅថ្ងៃមុខតទៅទៀត៕

==========

ប្រកាសផ្សេងទៀត៖

Internet = អន្តរបណ្ដាញ ខែ ធ្នូ 7, 2008

Posted by ពិសិដ្ឋ in គំនិតខ្ញុំ.
Tags:
30 comments

ខ្ញុំ​ទើប​តែ​នឹក​ឃើញ​ថា ពាក្យ​អិនធឺណែត (Internet) គ្មាន​អ្នក​ណា​ម្នាក់​នាំ​គ្នា​ហៅ​តាម​ភាសា​ខ្មែរ​សោះ​។ ថ្មីៗនេះ ខ្ញុំ​នឹង​ទទួល​ពាក្យ​ថ្មី​មួយ​ពី​ហ្វីដែល មិត្ត​របស់​ខ្ញុំ។ គេ​បាន​ពន្យល់​ប្រាប់​ខ្ញុំ​ថា ពាក្យ​ Internet = Inter + Network ។ បន្ទាប់​គេ​ក៏​បាន​បក​ជា​ភាសា​ខ្មែរ Inter = អន្តរ,    Network = បណ្ដាញ ។ រួច​មក​គេ​ក៏​បាន​បញ្ចូល​ពាក្យ​នេះ​ជា​មួយ​គ្នា នាំ​ឲ្យ​បាន Internet = អន្តរបណ្ដាញ ។ ខ្ញុំ​គិត​ថា​ ពាក្យ អន្តរបណ្ដាញ មាន​ន័យ​គ្រប់​គ្រាន់​អាច​ឲ្យ​យើង​ប្រើ​ការ​បាន ជាទូទៅ​។

ចំពោះគំនិត​ខ្ញុំ​ ខ្ញុំ​គិត​ថា​គួរ​តែ​នាំ​គ្នា​ឈប់​ហៅ​Internet ថា អិនធឺណែត ទៀត​ទៅ យើង​គួរ​ប្រើ​ភាសា​របស់​យើង​វិញ ព្រោះ​យើង​មាន​ពាក្យ​នេះ​ដែរ​តើ។ យើង​គួរ​ហៅ Internet ថា អន្តរបណ្ដាញ​វិញ​៕