នៅក្នុងខែធ្នូ ឆ្នាំ២០០៨នេះ គ្រប់សិស្សថ្នាក់ទី១១មកពីវិទ្យាល័យទាំងអស់ ក្នុងរាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតឲ្យចូលធ្វើទស្សនកិច្ច នៅព្រះបរមរាជវាំង និងសារមន្ទីរជាតិ។ ក្នុងនោះ ខ្ញុំនិងមិត្តភក្តិខ្ញុំ ក៏បានចូលរួមផងដែរ។ ក្នុងដំណើរទស្សនកិច្ចនេះ បានធ្វើឲ្យខ្ញុំដឹងពីប្រវត្តិខ្លះៗនៃព្រះបរមរាជវាំង និងសារមន្ទីរជាតិ។ ខ្ញុំសូមនិយាយត្រួសៗអំពី ព្រះបរមរាជវាំង និងសារមន្ទីរជាតិ។
ព្រះបរមរាជវាំងត្រូវបានកសាងឡើងចំនួនពីរលើក គឺលើកទីមួយ ក្នុងរជ្ជកាលព្រះបាទពញាយ៉ាត នាឆ្នាំ១៤៣៤ និងលើកទី២ ក្នុងរជ្ជកាលព្រះបាទនរោត្ដម នាឆ្នាំ១៨៦៦។ ព្រះបរមរាជវាំង ត្រូវបានរុះរើសាងសង់ជាថ្មីនៅឆ្នាំ១៩១៣ ក្នុងរាជ្យព្រះបាទនរោត្ដមសីហនុ។ ព្រះបរមរាជវាំង មានឈ្មោះជាផ្លូវការ ព្រះបរមរាជវាំងចតុមុខមង្គល ត្រូវបានគេសាងសង់បែរមុខទៅខាងកើត មានកំពែងព័ទ្ធជុំវិញប្រវែង១៧៧២ម៉ែត មានក្លោងទ្វារចូលចំនួនប្រាំ។
នៅក្នុងព្រះបរមរាជវាំង មានប្រាសាទផ្សេងៗទៀត ដែលមានដូចជា៖
- ប្រាសាទទេវាវិច្ឆ័យ សាងសង់ឡើងក្នុងឆ្នាំ១៩១៣ – ១៩១៧ សម្ពោធនៅថ្ងៃទី១៦ មិថុនា ១៩១៩ ជាទីកន្លែងសម្រាប់ ធ្វើពិធីរាជាភិសេកព្រះមហាក្សត្រឡើងសោយរាជ្យ។
- ប្រាសាទខេមរិន្ទ កសាងឡើងក្នុងឆ្នាំ១៩២៧ – ១៩៣០ ជាទីកន្លែងសម្រាប់ទទួលភ្ញៀវកិត្តិយស ឬបណ្ដាប្រមុខរដ្ឋ ដែលមកធ្វើទស្សនកិច្ចនៅកម្ពុជា។
- ប្រាសាទសហមេត្រី កសាងឡើងក្នុងឆ្នាំ ១៩៥០ ពីមុនជាព្រះរាជដំណាក់របស់ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិកុសុមៈនារីរ័ត្ន សព្វថ្ងៃ ជាលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់។
- ប្រាសាទហោសម្រាន្តភិរម្យ កសាងឡើងក្នុងឆ្នាំ ១៩១៥ – ១៩១៧ ជាកន្លែងសម្រាប់ទុកឧបករណ៍តន្ត្រីបុរាណខ្មែរ សម្រាប់ត្រៀមក្នុងពិធីផ្សេងៗ។
- ប្រាសាទច័ន្ទឆាយា កសាងឡើងនាឆ្នាំ ១៩១៣ ជាវេទិកាកិត្តិយស សម្រាប់ព្រះមហាក្សត្រទ្រង់ទត ការហែក្បួនព្យុហយាត្រានាថ្ងៃបុណ្យកងទ័ពជាតិ និងសម្រាប់ព្រះមហាក្សត្រសម្ដែងសុន្ទរកថា ទៅកាន់ប្រជារាស្ត្ររបស់ព្រះអង្គ។
- ប្រាសាទហោព្រះខ័ន ឬសំរឹទ្ធភិមាន កសាងឡើងនាឆ្នាំ ១៩១៥ – ១៩១៧ ប្រើសម្រាប់តម្កល់នូវគ្រឿងបញ្ចកកុធភ័ណ្ឌ មានដូចជា ព្រះខ័នរាជ្យ ម្កុជរាជ្យជាដើម។
- ព្រះទីនាំងភោជនីយ កសាងឡើងក្នុងឆ្នាំ ១៩១៣ – ១៩១៧ ប្រើសម្រាប់លៀងសាយភោជន៍ ក្នុងពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ និងសម្រាប់សម្ដែងទស្សនីយភាព ជូនភ្ញឿវកិត្តិយសជាន់ខ្ពស់។
- វិមានស្ដេចណាប៉ូឡេអុងទី៣ ត្រូវបានគេប្រើជាដំណាក់របស់ព្រះនាងអីហ្ស៊េនី ពេលព្រះនាងយាងមកសម្ពោធព្រែកជីកស៊ុយអេ នាឆ្នាំ១៨៦៩។
- ព្រះដំណាក់ច័ន្ទ ឬព្រះរាជការិយាល័យ កសាងឡើងក្នុងឆ្នាំ១៩៥៤ – ១៩៥៩ ជាព្រះរាជការិយាល័យរបស់ព្រះបាទនរោត្ដមសីហនុ សព្វថ្ងៃជាមន្ទីរការិយាល័យរដ្ឋបាល នៃក្រសួងព្រះបរមរាជវាំង។
- ព្រះវិហារព្រះកែវមរកត កសាងឡើងក្នុងឆ្នាំ ១៨៩២ – ១៩០២ ជាទីវត្តអារាមសម្រាប់ព្រះបាទនរោត្ដមសីហនុ ពេលទ្រង់សាងព្រះផ្នួស សព្វថ្ងៃជាកន្លែងសម្រាប់ព្រះរាជវង្សានុវង្សប្រារព្ធពិធីឧបោសថសីល ឬបុណ្យសាសនាផ្សេងៗ។
- សារមន្ទីររោងដំរី កសាងឡើងក្នុងឆ្នាំ ១៨៩២ ពីមុនជារោងសម្រាប់ចិញ្ចឹមដំរី និងទុកប្រដាប់ប្រដាហែក្បួន សព្វថ្ងៃ ជាកន្លែងទុករូបព្រះឆាយាលក្ខណ៍ស្ដីពីព្រះរាជសកម្មភាព របស់ព្រះបាទនរោត្ដមសីហនុ។
ចំណែកឯ សារមន្ទីរជាតិវិញ ត្រូវបានកសាងឡើងក្នុងឆ្នាំ១៩១៧ គូរប្លង់ដោយលោកGeorge Groslier ហើយដាក់សម្ពោធនៅថ្ងៃ ទី ១៣ មេសា ១៩២០ ក្រោមព្រះរាជាធិបតីភាពរបស់ ព្រះបាទស៊ីសុវត្ថិ។ ក្នុងសារមន្ទីរជាតិ ចែកចេញជាបួនថែវ៖
- ថែវខាងកើត សម្រាប់តាំងពុទ្ធបដិមា នាក្រោយសម័យអង្គរ។
- ថែវខាងត្បូង សម្រាប់តាំងវត្ថុសិល្បៈ នៅសតវត្សទី៦ ដល់ទី១១ ដែលយកគំរូតាមរចនាបទបាពួន។
- ថែវខាងជើង សម្រាប់តាំងចាន ឆ្នាំង ក្អម និងវត្ថុផ្សេងៗទៀតដែលធ្វើដោយដី។
- ថែវខាងលិច មានតាំងនូវរូបចម្លាក់ រូបបដិមា ដែលមានគំរូរចនាបទចំនួនពីរ គឺរចនាបថអង្គរវត្ត និងរចនាបទបាយ័ន។

ជួយដាក់ឯកសារយោងផងប្អូនប្រុស!
ចំពោះឯកសារយោង គឺប្អូនទទួលបានពីមគ្គុទ្ទេសក៍នៅក្នុងព្រះបរមរាជវាំង ហើយអត្ថបទដែលខ្ញុំបានទទួល ក៏ផ្ទៀងផ្ទាត់ជាមួយអត្ថបទនៅវីគីភីឌាភាសាខ្មែរផងដែរ ហេតុនេះ ខ្ញុំគិតថាអត្ថបទនេះត្រឹមត្រូវហើយ។