Sean Kingston នឹងមកសម្ដែងនៅកម្ពុជា ខែ ធ្នូ 26, 2008
Posted by ពិសិដ្ឋ in ពត៌មានកំសាន្ដ, ព័ត៌មាន.9 comments
តារាចម្រៀងអាមេរិកដ៏ល្បីល្បាញម្នាក់ ដែលត្រូវបានគេស្គាល់គ្រប់ៗគ្នា តាមរយៈបទចម្រៀងដំបូងរបស់គាត់ ដែលមានចំណងជើងថា Beautiful Girl នឹងមកសម្ដែងនៅប្រទេសកម្ពុជា នាឆ្នាំ២០០៩ខាងមុខនេះហើយ។ គាត់មានឈ្មោះថា Sean Kingston។ គាត់នឹងមកបង្ហាញខ្លួន និងសម្ដែងជាលើកដំបូងនៅប្រទេសកម្ពុជា នាថ្ងៃសុក្រ ទី០៦ ខែកុម្ភៈ ឆ្នាំ ២០០៩ នៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិជ នាទីក្រុង ភ្នំពេញ។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយបណ្ដាញទូរទស្សន៍កម្ពុជា ស៊ី ធី អិន ដែលជាស្ថានីយទូរទស្សន៍នាំមុខគេ នៅកម្ពុជា។ តារាចម្រៀងSean Kingston នឹងពាំនាំមកនូវបទចម្រៀងល្បីៗ របស់គាត់យកមកសម្ដែងនាពេលនោះ។ ចំពោះព័ត៌មាន អំពីតម្លៃសំបុត្រ ខាងអ្នករៀបចំកម្មវិធី នឹងប្រកាសក្នុងរយៈពេលពីរ បីសប្តាហ៍ខាងមុខនេះ។ មានព័ត៌មានមួយបន្ថែមទៀតថា កម្មវិធីនឹងពុំមានចាក់ផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ទេ។
នេះជាកិត្តិយសមែន ដែលតារាចម្រៀងដ៏ល្បីនៅលើពិភពលោក មកសម្ដែងក្នុងប្រទេសកម្ពុជា។ ខ្ញុំក៏ចង់ទស្សនានឹងគេដែរ តែដល់ឮថា ពុំមានចាក់ផ្សាយតាមទូរទស្សន៍ ធ្វើឲ្យខ្ញុំខកចិត្ត មែនទែន។ តើអ្នកទាំងអស់គ្នា គិតដូចខ្ញុំទេ?
ដំណើរទស្សនកិច្ច ទៅកាន់ព្រះបរមរាជវាំង និងសារមន្ទីរជាតិ ខែ ធ្នូ 24, 2008
Posted by ពិសិដ្ឋ in មិត្តខ្ញុំ, អនុស្សាវរីយ៍.2 comments
នៅក្នុងខែធ្នូ ឆ្នាំ២០០៨នេះ គ្រប់សិស្សថ្នាក់ទី១១មកពីវិទ្យាល័យទាំងអស់ ក្នុងរាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតឲ្យចូលធ្វើទស្សនកិច្ច នៅព្រះបរមរាជវាំង និងសារមន្ទីរជាតិ។ ក្នុងនោះ ខ្ញុំនិងមិត្តភក្តិខ្ញុំ ក៏បានចូលរួមផងដែរ។ ក្នុងដំណើរទស្សនកិច្ចនេះ បានធ្វើឲ្យខ្ញុំដឹងពីប្រវត្តិខ្លះៗនៃព្រះបរមរាជវាំង និងសារមន្ទីរជាតិ។ ខ្ញុំសូមនិយាយត្រួសៗអំពី ព្រះបរមរាជវាំង និងសារមន្ទីរជាតិ។
ព្រះបរមរាជវាំងត្រូវបានកសាងឡើងចំនួនពីរលើក គឺលើកទីមួយ ក្នុងរជ្ជកាលព្រះបាទពញាយ៉ាត នាឆ្នាំ១៤៣៤ និងលើកទី២ ក្នុងរជ្ជកាលព្រះបាទនរោត្ដម នាឆ្នាំ១៨៦៦។ ព្រះបរមរាជវាំង ត្រូវបានរុះរើសាងសង់ជាថ្មីនៅឆ្នាំ១៩១៣ ក្នុងរាជ្យព្រះបាទនរោត្ដមសីហនុ។ ព្រះបរមរាជវាំង មានឈ្មោះជាផ្លូវការ ព្រះបរមរាជវាំងចតុមុខមង្គល ត្រូវបានគេសាងសង់បែរមុខទៅខាងកើត មានកំពែងព័ទ្ធជុំវិញប្រវែង១៧៧២ម៉ែត មានក្លោងទ្វារចូលចំនួនប្រាំ។
នៅក្នុងព្រះបរមរាជវាំង មានប្រាសាទផ្សេងៗទៀត ដែលមានដូចជា៖
- ប្រាសាទទេវាវិច្ឆ័យ សាងសង់ឡើងក្នុងឆ្នាំ១៩១៣ – ១៩១៧ សម្ពោធនៅថ្ងៃទី១៦ មិថុនា ១៩១៩ ជាទីកន្លែងសម្រាប់ ធ្វើពិធីរាជាភិសេកព្រះមហាក្សត្រឡើងសោយរាជ្យ។
- ប្រាសាទខេមរិន្ទ កសាងឡើងក្នុងឆ្នាំ១៩២៧ – ១៩៣០ ជាទីកន្លែងសម្រាប់ទទួលភ្ញៀវកិត្តិយស ឬបណ្ដាប្រមុខរដ្ឋ ដែលមកធ្វើទស្សនកិច្ចនៅកម្ពុជា។
- ប្រាសាទសហមេត្រី កសាងឡើងក្នុងឆ្នាំ ១៩៥០ ពីមុនជាព្រះរាជដំណាក់របស់ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិកុសុមៈនារីរ័ត្ន សព្វថ្ងៃ ជាលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់។
- ប្រាសាទហោសម្រាន្តភិរម្យ កសាងឡើងក្នុងឆ្នាំ ១៩១៥ – ១៩១៧ ជាកន្លែងសម្រាប់ទុកឧបករណ៍តន្ត្រីបុរាណខ្មែរ សម្រាប់ត្រៀមក្នុងពិធីផ្សេងៗ។
- ប្រាសាទច័ន្ទឆាយា កសាងឡើងនាឆ្នាំ ១៩១៣ ជាវេទិកាកិត្តិយស សម្រាប់ព្រះមហាក្សត្រទ្រង់ទត ការហែក្បួនព្យុហយាត្រានាថ្ងៃបុណ្យកងទ័ពជាតិ និងសម្រាប់ព្រះមហាក្សត្រសម្ដែងសុន្ទរកថា ទៅកាន់ប្រជារាស្ត្ររបស់ព្រះអង្គ។
- ប្រាសាទហោព្រះខ័ន ឬសំរឹទ្ធភិមាន កសាងឡើងនាឆ្នាំ ១៩១៥ – ១៩១៧ ប្រើសម្រាប់តម្កល់នូវគ្រឿងបញ្ចកកុធភ័ណ្ឌ មានដូចជា ព្រះខ័នរាជ្យ ម្កុជរាជ្យជាដើម។
- ព្រះទីនាំងភោជនីយ កសាងឡើងក្នុងឆ្នាំ ១៩១៣ – ១៩១៧ ប្រើសម្រាប់លៀងសាយភោជន៍ ក្នុងពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ និងសម្រាប់សម្ដែងទស្សនីយភាព ជូនភ្ញឿវកិត្តិយសជាន់ខ្ពស់។
- វិមានស្ដេចណាប៉ូឡេអុងទី៣ ត្រូវបានគេប្រើជាដំណាក់របស់ព្រះនាងអីហ្ស៊េនី ពេលព្រះនាងយាងមកសម្ពោធព្រែកជីកស៊ុយអេ នាឆ្នាំ១៨៦៩។
- ព្រះដំណាក់ច័ន្ទ ឬព្រះរាជការិយាល័យ កសាងឡើងក្នុងឆ្នាំ១៩៥៤ – ១៩៥៩ ជាព្រះរាជការិយាល័យរបស់ព្រះបាទនរោត្ដមសីហនុ សព្វថ្ងៃជាមន្ទីរការិយាល័យរដ្ឋបាល នៃក្រសួងព្រះបរមរាជវាំង។
- ព្រះវិហារព្រះកែវមរកត កសាងឡើងក្នុងឆ្នាំ ១៨៩២ – ១៩០២ ជាទីវត្តអារាមសម្រាប់ព្រះបាទនរោត្ដមសីហនុ ពេលទ្រង់សាងព្រះផ្នួស សព្វថ្ងៃជាកន្លែងសម្រាប់ព្រះរាជវង្សានុវង្សប្រារព្ធពិធីឧបោសថសីល ឬបុណ្យសាសនាផ្សេងៗ។
- សារមន្ទីររោងដំរី កសាងឡើងក្នុងឆ្នាំ ១៨៩២ ពីមុនជារោងសម្រាប់ចិញ្ចឹមដំរី និងទុកប្រដាប់ប្រដាហែក្បួន សព្វថ្ងៃ ជាកន្លែងទុករូបព្រះឆាយាលក្ខណ៍ស្ដីពីព្រះរាជសកម្មភាព របស់ព្រះបាទនរោត្ដមសីហនុ។
ចំណែកឯ សារមន្ទីរជាតិវិញ ត្រូវបានកសាងឡើងក្នុងឆ្នាំ១៩១៧ គូរប្លង់ដោយលោកGeorge Groslier ហើយដាក់សម្ពោធនៅថ្ងៃ ទី ១៣ មេសា ១៩២០ ក្រោមព្រះរាជាធិបតីភាពរបស់ ព្រះបាទស៊ីសុវត្ថិ។ ក្នុងសារមន្ទីរជាតិ ចែកចេញជាបួនថែវ៖
- ថែវខាងកើត សម្រាប់តាំងពុទ្ធបដិមា នាក្រោយសម័យអង្គរ។
- ថែវខាងត្បូង សម្រាប់តាំងវត្ថុសិល្បៈ នៅសតវត្សទី៦ ដល់ទី១១ ដែលយកគំរូតាមរចនាបទបាពួន។
- ថែវខាងជើង សម្រាប់តាំងចាន ឆ្នាំង ក្អម និងវត្ថុផ្សេងៗទៀតដែលធ្វើដោយដី។
- ថែវខាងលិច មានតាំងនូវរូបចម្លាក់ រូបបដិមា ដែលមានគំរូរចនាបទចំនួនពីរ គឺរចនាបថអង្គរវត្ត និងរចនាបទបាយ័ន។
ម្ចាស់ស្នេហ៍ខ្ញុំ ខែ ធ្នូ 23, 2008
Posted by ពិសិដ្ឋ in ភាពយន្តកូរ៉េ.add a comment

ម្ចាស់ស្នេហ៍ខ្ញុំ (ភាសាអង់គ្លេស៖My Girl ភាសាកូរ៉េ៖마이걸) គឺជាខ្សែភាពយន្ត ដែលខ្ញុំគិតថាល្អមើលដែរ។ វាត្រូវបានចាក់ផ្សាយ តាមរយៈស្ថានីយទូរទស្សន៍បាយ័ន។ រឿងមួយ គឺនិយាយអំពីនារីម្នាក់ ដែលមានកាយវិការក្រមិចក្រមើម គួរឲ្យក្នាញ់ ជាមួយនឹងតួអង្គប្រុសជាអ្នកមានម្នាក់។
នេះ គឺជាបទចម្រៀងដ៏ពីរោះមួយនៃរឿងនេះ៖
ជើងថ្មី មហាសំណាង ខែ ធ្នូ 23, 2008
Posted by ពិសិដ្ឋ in ភាពយន្តកូរ៉េ.1 comment so far

រឿង ជើងថ្មី មហាសំណាង (ភាសាអង់គ្លេស Super Rookie ភាសាកូរ៉េ 신입사원) ជាខ្សែភាពយន្តដ៏ពេញនិយម មួយរបស់កូរ៉េ ដែលត្រូវបានស្ថានីយទូរទស្សន៍ស៊ី ធី អិន យកមកចាក់ផ្សាយផងដែរ។ ខ្សែភាពយន្តមួយនេះ និយាយពីជីវិតរបស់យុវជនម្នាក់ ឈ្មោះថា កាង ហូ ដោយគាត់ដើរស្វែងរកការងារធ្វើ។ ចុងបញ្ចប់គាត់បានចូល ធ្វើការក្នុងគ្រប់ហ៊ុនមួយ។ រឿងដ៏ចម្លែកនោះ គឺ គាត់បានចូលធ្វើការនោះ ដោយសារតែភាពរអាក់រអួល របស់កំព្យូទ័រ នាំឲ្យមានការភ័ន្តច្រឡំ។
ខាងក្រោមនេះ ជាបទចម្រៀងនៃរឿងនេះ៖
JabbaWockeeZ ក្រុមរាំដ៏ល្បីនៅអាមេរិក ខែ ធ្នូ 18, 2008
Posted by ពិសិដ្ឋ in ពិសិដ្ឋ.add a comment
JabbaWockeeZ គឺជាឈ្មោះក្រុមរាំចង្វាក់Hip Hop ដ៏ល្បីមួយនៅសហរដ្ឋអាមេរិក។ ក្រុមរាំនេះបានបង្កើតឡើងនៅឆ្នាំ Joe Larot, Kevin Brewer និង Phil Tayag។ តាំងពីពួកគេបានបង្កើតក្រុមនេះ ពួកគេតែងតែងទទួលបានជោគជ័យលើការប្រកួតផ្សេងៗ។ ពួកគេក៏ត្រូវបានគេ ហៅទៅសម្ដែងនៅប្រទេសផ្សេងៗផងដែរ។
នៅក្នុងការរាំ ពួកគេបញ្ចេញនូវបច្ចេកទេសរាំដ៏រើសរវើក ដែលយើងនឹកស្មានមិនដល់។ នៅពេលរាំម្ដងៗ ពួកគេរាំស្រុះគ្នាមែនទែន។ លោកអ្នកអាចវីដេអូខាងក្រោមនេះ៖
សព្វថ្ងៃ ភាពល្បីល្បាញ ក៏នៅតែរន្ទឺនៅសហរដ្ឋអាមេរិក និងនៅលើពិភពលោកផងដែរ ដោយសារសមត្ថភាពដ៏ល្អឥតខ្ចោះរបស់ពួកគេ ក្នុងបញ្ចេញកាយវិការរស់រវើក ក្នុងលក្ខណៈជាការរាំចង្វាក់Hip Hop៕
Internet = អន្តរបណ្ដាញ ខែ ធ្នូ 7, 2008
Posted by ពិសិដ្ឋ in គំនិតខ្ញុំ.Tags: អន្តរបណ្ដាញ
30 comments
ខ្ញុំទើបតែនឹកឃើញថា ពាក្យអិនធឺណែត (Internet) គ្មានអ្នកណាម្នាក់នាំគ្នាហៅតាមភាសាខ្មែរសោះ។ ថ្មីៗនេះ ខ្ញុំនឹងទទួលពាក្យថ្មីមួយពីហ្វីដែល មិត្តរបស់ខ្ញុំ។ គេបានពន្យល់ប្រាប់ខ្ញុំថា ពាក្យ Internet = Inter + Network ។ បន្ទាប់គេក៏បានបកជាភាសាខ្មែរ Inter = អន្តរ, Network = បណ្ដាញ ។ រួចមកគេក៏បានបញ្ចូលពាក្យនេះជាមួយគ្នា នាំឲ្យបាន Internet = អន្តរបណ្ដាញ ។ ខ្ញុំគិតថា ពាក្យ អន្តរបណ្ដាញ មានន័យគ្រប់គ្រាន់អាចឲ្យយើងប្រើការបាន ជាទូទៅ។
ចំពោះគំនិតខ្ញុំ ខ្ញុំគិតថាគួរតែនាំគ្នាឈប់ហៅInternet ថា អិនធឺណែត ទៀតទៅ យើងគួរប្រើភាសារបស់យើងវិញ ព្រោះយើងមានពាក្យនេះដែរតើ។ យើងគួរហៅ Internet ថា អន្តរបណ្ដាញវិញ៕
បុរសម្នាក់ចងកក្នុងបន្ទប់រៀន ផ្អើលពេញវិទ្យាល័យ ខែ ធ្នូ 5, 2008
Posted by ពិសិដ្ឋ in ព័ត៌មាន.Tags: បុរសម្នាក់ចងក...
5 comments
នៅព្រឹកព្រលឹមថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០០៨ ម៉ោងប្រហែលប្រាំពីរ ខ្ញុំបានជិះកង់ទៅសាលារៀនតាមទម្លាប់របស់ខ្ញុំជារៀងរាល់ថ្ងៃ។ ប៉ុន្តែ ខ្ញុំស្រាប់តែរន្ធត់យ៉ាងខ្លាំង នៅពេលខ្ញុំបានឮពាក្យសម្ដីពីមាត់មួយ ទៅមាត់មួយថា៖ មានមនុស្សចងក … ! មានមនុស្សចងក… ! ក្រោយមក ខ្ញុំក៏បានបន្តដំណើរឆ្ពោះទៅថ្នាក់របស់ខ្ញុំ ស្រាប់តែឃើញមនុស្សឈូឆរ កំពុងផ្អើលមកមើលព្រឹត្តិការណ៍មួយ គឺមានមនុស្សប្រុសម្នាក់ចងក នៅក្នុងបន្ទប់រៀនថ្នាក់ទី៨។ ខ្ញុំក៏បានដើរទៅជិតថ្នាក់នោះ ដើម្បីបានដឹងរឿងពិត។ ពេលនោះខ្ញុំពិតជារន្ធត់យ៉ាងខ្លាំង ព្រោះបានឃើញសពមនុស្សប្រុសម្នាក់កំពុងចងក នៅក្នុងថ្នាក់នោះមែន។

- បន្ទប់ដែលជនរងគ្រោះធ្វើអត្តឃាត (ព្រួញក្រហម)
តាមប្រភពព័ត៌មាន ដែលខ្ញុំបានសាកសួរ គឺបុរសនោះមានអាយុប្រហែល៥២ឆ្នាំ ខ្ញុំមិនបានដឹងឈ្មោះទេ។ សិស្ស លោកគ្រូ អ្នកគ្រូ បាននាំគ្នាមកមើលព្រឹត្តិការណ៍នោះយ៉ាងកកកុញ។ រហូតដល់ម៉ោងប្រហែល ៨កន្លះទើបឃើញមានសាច់ញាតិ មករកមើលសាកសពនោះ។ ខ្ញុំក៏បានដឹងដំណឹងមួយទៀត គឺប្រពន្ធរបស់សាកសព មានមុខរបរជាអ្នកលក់ នៅក្នុង ផ្សារគីឡូម៉ែតលេខ៦ ។ ម៉ោងប្រហែល៩ ទើបឃើញឡានដឹកសពមកដល់។ ហើយក្រោកពីធ្វើពិធីខ្លះរួចមក គឺម៉ោងប្រហែល៩កន្លះ ឡានដឹកសព ក៏បានដឹកសពជនរងគ្រោះចេញពីវិទ្យាល័យផុតទៅ។
នេះគឺព្រឹត្តិការណ៍ដ៏រន្ធត់មួយ ដែលកើតមានឡើងជាលើកទីមួយក្នុង វិទ្យាល័យឫស្សីកែវ ។ ចំពោះសិស្ស ដែលត្រូវមករៀននៅបន្ទប់ ដែលជនរងគ្រោះចងកនោះ បានផ្លាស់ទៅរៀននៅសាលប្រជុំវិញ។ នៅជុំវិញរឿងនេះ ខ្ញុំបានឮពាក្យចចាមអារ៉ាមជាច្រើន តែមិនដឹងថារឿងទាំងនោះពិតឬ មិនពិតនោះទេ៕
MyTV ស្ថានីយទូរទស្សន៍ថ្មីនៅកម្ពុជា ខែ ធ្នូ 1, 2008
Posted by ពិសិដ្ឋ in ព័ត៌មាន.20 comments
ស្ថានីយទូរទស្សន៍ថ្មីមួយ ដែលមានឈ្មោះថា MyTV ប៉ុស្តិ៍លេខ២៩ ទើបតែបង្កើតឡើងនៅចុងខែវិច្ឆិកានេះ។ ស្ថានីយថ្មីនេះ គឺជាស្ថានីយមួយទៀត ដែលកើតចេញពី បណ្ដាយទូរទស្សន៍កម្ពុជា CTN ។ ស្ថានីយនេះ កំពុងធ្វើការផ្សាយសាកល្បង ជារៀងរាល់ថ្ងៃ។ លោកអ្នកនៅក្នុងប្រទេសកម្ពុជា អាចស្វែងរកប៉ុស្ដិ៍នេះបាន នៅលើទូរទស្សន៍របស់ខ្លួន។
MyTV បានដំណើរការការផ្សាយរបស់ខ្លួនជាផ្លូវការ នៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០០៩៕

